ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ខណ:ដើរទៅមើលស្រែក៏ស្រែកហៅរកប្រពន្ធតែត្រូវជនបង្កម្នាក់ស្មានតែស្រែកឌឺដងដាក់ខ្លួនកំពុងអង្គុយផឹកក៏ទាញកាំបិតកាប់បណ្តាលឲ្យរងរបួសធ្ងន់ រួចជនដៃដល់រត់គេចខ្លួនបាត់ដោយសុវត្ថិភាព។
ហេតុការណ៍នេះកើតឡើងកាលពី វេលាម៉ោង៦និង០៥នាទីព្រលប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងភូមិអូរប្រាសាទឃុំ អូរប្រាសាទ ស្រុកមង្គលបូរី ។
ជនដៃដល់ឈ្មោះ ហុង ហួច ភេទប្រុសអាយុ៣៧ឆ្នាំរស់នៅភូមិអូរប្រាសាទឃុំអូរប្រាសាទ ស្រុកមង្គលបូរី ។
ចំណែកជនរងគ្រោះឈ្មោះ ទូច ផង់ ភេទប្រុសអាយុ២៥ឆ្នាំ នៅភូមិជាមួយគ្នា ។
សមត្ថកិច្ចមូលដ្ឋានបញ្ជាក់ថា តាមការឲ្យដឹងពីជនរងគ្រោះ នៅមុនកើតហេតុ ខ្លួនបានដើរទៅស្រែ រួចក៏ស្រែកហៅរកប្រពន្ធដែលនៅឆ្ងាយ។ គ្រានោះជនបង្កឈ្មោះហុង ហួច កំពុងតែផឹកស្រាស្មានតែជនរងគ្រោះស្រែកឌឺដងដាក់ខ្លួនក៏ទាញកាំបិត ហាន់ដើមចេកប្រវែងកន្លះម៉ែត្រ កាប់សំដៅមកលើជនរងគ្រោះត្រូវចំក្បាលលើសៀតផ្កាខាងឆ្វេង០១កាំបិតនិង ស្មា០១កាំបិតរងរបួសធ្ងន់។ គ្រានោះសាច់ញាតិបានដឹកបញ្ជូនជនរងគ្រោះមកព្យាបាលនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី ។
នគរបាលមូលដ្ឋានបានបញ្ជាក់ទៀតថាក្រោយពីធ្វើសកម្មភាពរួច ជនដៃដល់បានរត់គេចខ្លួនបាត់ហើយ នៅពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវ ចាប់ជនដៃដល់ដើម្បីចាត់ការតាមច្បាប់៕
ដោយ៖ វណ្ណា