ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្រវឹងស្រានឹកចង់សម្លព្រលឹតចុះដកក្នុងស្រះលង់ទឹកស្លាប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសចំណាស់ម្នាក់ខណៈស្រវឹងស្រានឹកចង់សម្លម្ជូរព្រលឹតដើរទៅស្រះទឹកខាងក្រោយផ្ទះចុះដកព្រលឹតបណ្ដាលឲ្យលង់ស្លាប់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិក៏ដូចជាក្រុមគ្រួសារជួយសង្គ្រោះលើកដាក់លើគោកធ្វើចលនាលើករលាក់ទឹកចេញ តែអកុសលហួសពេលទៅហើយ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៤៥នាទីរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតក្នុងភូមិស្វាត សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា បុរសរងគ្រោះខាងលើមានឈ្មោះ ម៉ែន ឌីណា អាយុ៥២ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំខាងលើ ។

បើតាមអ្នកភូមិបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសចំណាស់ម្នាក់នេះបានផឹកស្រាស្រវឹងជាច្រើនម៉ោងមកហើយ បន្ទាប់ពីផឹកស្រារួចក៏ឃើញគាត់ដើរទៅខាងក្រោយផ្ទះក្នុងគោលបំណងទៅដកព្រលឹតដើម្បីទុកធ្វើម្ហូបពេលល្ងាច។ លុះប្រមាណជាមួយម៉ោងក្រោយមកស្រាប់តែមានការភ្ញាក់ផ្អើលពីក្រុមគ្រួសារស្រែកហៅឲ្យអ្នកភូមិជួយលើកស្រង់មកដាក់លើគោកធ្វើចលនាជួយសង្គ្រោះតែអកុសលយឺតពេលទៅហើយ។

ក្រោយពីកម្លាំងនគរបាលជំនាញនិងគ្រូពេទ្យធ្វើកោសល្យវិច័យរួចមកសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ទើបប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ យឹម សុថាន


ចែករំលែក៖