តាមការចេញផ្សាយរបស់ soccerway និង soccer news បានចេញលទ្ធផលបង្ហាញថា ការប្រកួតក្របខ័ណ្ឌ UEFA Europa League វគ្គជម្រុះតាមពូលកាលពីរាត្រីថ្ងៃម្សិលមិញ ក្រុមខ្លាំងៗចំនួន២មកពីអង់គ្លេសបានទទួលជ័យជម្នះដូចគ្នាគឺក្រុមកាំភ្លើងធំ Arsenal និងក្រុមមាន់ខ្នាយមាស Tottenham។ ចំណែកក្រុមចចកកំណាច Leicester City បានត្រឹមស្មើជាមួយក្រុមម្ចាស់ផ្ទះប៉ុណ្ណោះ ប៉ុន្តែក្រុមនេះបានកក់កៅអីទៅវគ្គ១៦ក្រុមហើយ ព្រោះតែពិន្ទុឈ្នះដាច់ក្រុមលេខ៣។
ក្រុមកាំភ្លើងធំ Arsenal បានយកឈ្នះក្រុមម្ចាស់ផ្ទះ Molde ៣ទល់០ដែល៣គ្រាប់នេះរកបាននៅតង់ទី២ គឺនៅនាទីទី៥០, ទី៥៥ និងនាទីទី៨៣ ដោយកីឡាករ Pépé, Nelson និងកីឡាករ Balogun ។ លទ្ធផលនេះធ្វើឲ្យក្រុមកាំភ្លើងធំឡើងឈរលេខ១ក្នុងពូលB មាន១២ពិន្ទុឈ្នះក្រុមលេខ២Molde ចំនួន៦ពិន្ទុ ដែលត្រូវការឈ្នះតែ១ប្រកួតទៀតនឹងឡើងទៅវគ្គ១៦ក្រុមដែរ។
ចំណែកក្រុមមាន់ខ្នាយមាស Tottenham បានបំបាក់ក្រុមភ្ញៀវ Ludogorets ៤ទល់០ ធ្វើឲ្យក្រុមនេះទទួលបាន៣ពិន្ទុបន្ថែម និងបំបែកកំណត់ត្រាមិនចាញ់ទាល់តែសោះសម្រាប់៥ប្រកួតទាំងអស់របស់ខ្លួន។ ៤គ្រាប់របស់ក្រុមមាន់ខ្នាយមាសរកបានដោយកីឡាករ Carlos Vinícius ២គ្រាប់ម្នាក់ឯងនៅនាទីទី១៦ និងនាទីទី៣៤ គ្រាប់ទី៣រកបានដោយកីឡាករ Winks នៅនាទីទី៦៣ និងគ្រាប់ចុងក្រោយរកបានដោយកីឡាករ Lucas Moura នៅនាទីទី៧៣។
លទ្ធផលនេះធ្វើឲ្យក្រុមមាន់ខ្នាយមាស Tottenham ឡើងឈរលេខ១ក្នុងពូលJ មាន៩ពិន្ទុ ស្មើជាមួយក្រុមលេខ២ Antwerp ដែរ តែឈ្នះចំនួនគ្រាប់បាល់។ សម្រាប់ការប្រកួតសប្តាហ៍ក្រោយក្រុម Tottenham ចាំចាប់ត្រូវការឈ្នះទើបអាចមានឱកាសឡើងទៅកាន់វគ្គ១៦ក្រុមបន្តទៀត ព្រោះក្នុងពូលនេះមានពិន្ទុប្រទាញប្រទង់គ្នា។
ដោយឡែកក្រុមចចកកំណាច Leicester City បានប្រកួតស្មើជាមួយក្រុមម្ចាស់ផ្ទះមកពីព័រទុយហ្គាល់ Sporting Braga ៣ទល់៣ ដែលក្រុមទាំង២នេះព្យាយាមរកគ្រាប់បាល់តាមស្មើសុទ្ធតែនៅចុងម៉ោង។ ខ្សែប្រយុទ្ធ Vardy របស់ Leicester City ជាអ្នករកគ្រាប់បាល់តាមស្មើគូប្រកួតដោយ ក្រុម Sporting Braga រកបាននៅនាទីទី៤, ទី២៤ និងនាទីទី៩០ ខណៈក្រុម Leicester City រកបាននៅនាទីទី៩, ទី៧៨ និងនាទីទី៩០+៥។
លទ្ធផលនេះធ្វើឲ្យក្រុម Leicester City មានឱកាសកក់កៅអីឡើងវគ្គ១៦ក្រុមដោយស្វ័យប្រវត្តិ បើទោះបីប្រកួតស្មើក៏ដោយ ព្រោះក្រុមនេះមានពិន្ទុលើសក្រុមលេខ៣ ដល់ទៅ៧ពិន្ទុ និងលើសក្រុមលេខ២ ចំនួន៣ពិន្ទុ ឈរចំណាត់ថ្នាក់លេខ១ក្នុងពូលG ។
គួរបញ្ជាក់ថា ការប្រកួតក្របខ័ណ្ឌ UEFA Europa League វគ្គជម្រុះតាមពូលនៅសល់២ប្រកួតទៀតនឹងចប់វគ្គជម្រុះនេះហើយ សម្រាប់ការប្រកួតបន្តក្របខ័ណ្ឌនេះនឹងត្រូវធ្វើឡើងនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ខាងមុខ ៕ដោយ៖ភារៈ