ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហាយប្រ៊ីដពណ៌សពីរគ្រឿងពន្លះគ្នាពេញទំហឹងរងការខូចខាតទាំងសងខាង ខណ:បើកបរបញ្ច្រាសទិសគ្នាក្នុងល្បឿនលឿនមិនប្រយ័ត្ន

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ រថយន្តហាយប្រីដពណ៌សពីរគ្រឿងបានសាកកម្លាំងគ្នា ធ្វើឲ្យរថយន្តទាំងពីររងការខូចខាតផ្នែកខាងស្ដាំ និងកង់បែកខ្ទេចរៀងៗខ្លួនទៅមុខលែងរួច តែមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អ្នកបើកបរឡើយ ខណ:ពួកគេបើកបរក្នុងល្បឿនលឿនមិនប្រយ័ត្ន ធ្វើឱ្យរថយន្តហាយប្រ៊ីដដែលបើកបរពីជើងទៅត្បូងដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណបានរេចង្កូតទៅបុករថយន្តហាយប្រ៊ីដដូចគ្នាដែលបើកបរបញ្ច្រាសទិសគ្នាពីត្បូងទៅជើង។ ក្រោយប៉ះទង្គិចគ្នាហើយអ្នកបើករថយន្តបង្ក ស្រាប់តែមានម៉ូតូមួយគ្រឿងមកឌុបរំដោះគេចខ្លួនបាត់ស្រមោលភ្លាមៗតែម្តង។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៥៖៣៥នាទីល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៧ឆ្ពោះទៅប្រទេសឡាវ នៅចំណុចដំតាចែម ភូមិរិទ្ធីសែនជ័យ២ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

បើតាមប្រភពនៅនឹងកន្លែងកើតហេតុបានឱ្យដឹងថា រថយន្តហាយប្រ៊ីដពីរគ្រឿងបើកបរបញ្ច្រាសទិសគ្នា ពេលមកដល់ចំណុចកើតហេតុធ្វើឱ្យរថយន្តហាយប្រ៊ីដពណ៌សពាក់ស្លាកលេខ ភ្នំពេញ2X-8800 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកបរពីជើងទៅត្បូងក្នុងល្បឿនលឿនមិនប្រយ័ត្នបានរេចង្កូតទៅបុករថយន្តហាយប្រ៊ីដពណ៌សដូចគ្នាពាក់ស្លាកលេខភ្នំពេញ2U-3775 បង្កឲ្យខូចខាតផ្នែកខាងស្ដាំនិងកង់បែកខ្ទេចទាំងសងខាងទៅមុខលែងរួច តែមិនបង្កឲ្យអ្នកបើកបររបួសធ្ងន់ធ្ងរឡើយ។ 

បើតាមការបញ្ជាក់ឲ្យដឹងពីអ្នកបើកបររថយន្តហាយប្រ៊ីដរងគ្រោះដែលបើកពីត្បូងទៅជើងឈ្មោះប្រុស ពៅ  រស់នៅភូមិឃុំកើតហេតុខាងលើបានឲ្យដឹងថា មុនកើតហេតុរថយន្តហាយប្រ៊ីដពណ៌សបង្កហេតុ បើកបរពីជើងទៅត្បូងក្នុងល្បឿនលឿនហើយដូចជាទប់លំនឹងមិនបានហាក់បីដូចជាប្រើប្រាស់គ្រឿងស្រវឹងក៏អាចថាបាន បានបើករេចង្កូតដោយមិនប្រកាន់ស្ដាំធ្វើឱ្យជ្រុលមកបុករថយន្តរបស់ខ្លួន បើទោះបីខ្លួនខំប្រឹងគេចហើយតែគេចមិនផុត បានបុកថ្ពាល់រថយន្តបណ្ដាលឱ្យផ្ទុះពោង និងបែកកង់ទាំងសងខាងទៅមុខលែងរួច តែមិនបង្កឲ្យគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ខ្លួនគាត់ប៉ុន្មានឡើយ។ ក្រោយកើតហេតុគេឃើញតែកុងរថយន្តបង្ក បើកបរពីជើងទៅត្បូងមិនស្គាល់អត្តសញ្ញាណបានបើកទ្វាររថយន្ត ដោយមានម៉ូតូមកឌុបគេចខ្លួនបាត់ស្រមោលភ្លាមៗតែម្តង ដោយបន្សល់តែរថយន្តបង្កខាងលើនៅនឹងកន្លែងកើតហេតុ។ 

ចំពោះការបញ្ជាក់របស់សមត្ថកិច្ចនៅកន្លែងកើតហេតុវិញបានឲ្យដឹងថា: រថយន្តហាយប្រ៊ីដពណ៌ស ពាក់ស្លាកលេខ2X-8800 បានរត់គេចខ្លួនបាត់ស្រមោល ទើបសមត្ថកិច្ចសង្ស័យថាអាចជាមេខ្លោងជួញដូរថ្នាំញៀន ឬក៏ជាអ្នកប្រើប្រាស់ថ្នាំញៀនក៏ថាបាន ព្រោះក្រោយកើតហេតុសមត្ថកិច្ចបានឆែកឆេរក្នុងរថយន្តឃើញមានកាបូបលុយគ្មានអត្តសញ្ញាណនិងលុយមួយចំនួន ហើយក្នុងរថយន្តមានក្លិនអាចជាអ្នកប្រើប្រាស់ថ្នាំញៀន ហើយក្នុងពេលបើកបរខ្វះការប្រុងប្រយ័ត្នទើបបង្កឲ្យមានគ្រោះថ្នាក់រួចហើយមិននៅប្រឈមមុខក្នុងការដោះស្រាយនៅចំពោះមុខសមត្ថកិច្ច និងភាគីរងគ្រោះនោះទេ។ 

សមត្ថកិច្ចបានបន្តទៀតថានឹងស្រាវជ្រាវ រកម្ចាស់រថយន្តហាយប្រ៊ីដពាក់ស្លាកលេខ2X.8800 ខាងលើដែលអាចនឹងមានតម្រុយខ្លះ ដើម្បីឲ្យចូលខ្លួនមកដោះស្រាយនៅចំពោះមុខច្បាប់។ ចំណែករថយន្តទាំងពីរត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបុរីអូរស្វាយសែនជ័យ ដើម្បីរង់ចាំភាគីម្តាងទៀតចូលខ្លួនមកដោះស្រាយតាមច្បាប់៕

ដោយ៖មាស សុផាត


ចែករំលែក៖