ខេត្តព្រះសីហនុ៖ សមត្ថកិច្ចក្រុងព្រះសីហនុបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនម្នាក់ពាក់ព័ន្ធនឹងករណី កាន់កាប់រក្សាទុក និងប្រើប្រាស់អាវុធខុសច្បាប់ នៅវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចអូរត្រេះ ស្ថិតនៅក្នុងភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា ដោយមានប្រជាពលរដ្ឋទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចយើងថា មានជនជាតិចិនម្នាក់ពាក់អាវយឺតពណ៌ក្រហម ឈរនៅកន្លែងស្ងាត់ នៅចំណុចអូរត្រេះ ស្ថិតនៅភូមិ៦ សង្កាត់៤គួរឱ្យសង្ស័យ ទើបកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌបានចុះទៅដល់ទីតាំងនោះ ក៏ប្រទះឃើញមានជនសង្ស័យម្នាក់ជាជនជាតិចិនដូចដែលប្រជាពលរដ្ឋបានរាយការណ៍មក ខណៈនោះសមត្ថកិច្ចយើងក៏ឃាត់ខ្លួនជនសង្ស័យនោះ និងបានត្រួតពិនិត្យក្នុងខ្លួនរកឃើញកាំភ្លើងខ្លី ១ដើមម៉ាក K59 ,បង់កាំភ្លើង១ មានគ្រាប់ចំនួន៤គ្រាប់ , កាតបន្ទប់១ និងទូរស័ព្ទ១ គ្រឿង ហើយសមត្ថកិច្ច ក៏បាននាំខ្លួនជនសង្ស័យនោះមកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការស្រាវជ្រាវ និងសួរនាំបន្ត៕ជ្រោយពេជ្រ