ខេត្តស្ទឹងត្រែង៖ ខេត្តស្ទឹងត្រែងមានលក្ខណៈពិសេសច្រើន ដែលអ្នកខ្លះមិនទាន់ទទួលព័ត៌មានលម្អិត ដូចជាប្លែកជាងខេត្តដទៃ ត្រង់មានទន្លេចំនួន៤ ប្រសព្វគ្នា គឺទន្លេសេកុង ទន្លេសេសាន ទន្លេស្រែពក និងទន្លេមេគង្គ។
ដោយឡែកតំបន់រ៉ាមសារ ជាតំបន់ព្រៃលិចទឹក និងវាលខ្សាច់ទឹកសាបសម្បុស ដែលជាជំរកនូវជីវៈចម្រុះច្រើនប្រភេទ។
តំបន់ដែលស្ថិតនៅដងទន្លេមេគង្គមួយនេះ ជាទីតាំងល្អបំផុតសម្រាប់អ្នកទេសចរដែលចូលចិត្តដំណើរកម្សាន្ត ហែលទឹក សម្រាកកម្សាន្ត ក៏ដូចជាអ្នកស្រលាញ់ធម្មជាតិ និងសត្វស្លាបជាដើម។
បើយោងតាមមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានអោយដឹងថា៖ តំបន់រ៉ាមសារនេះលាតសន្ធឹងតាមបណ្ដោយទន្លេមេគង្គ ក្នុងក្រុងស្ទឹងត្រែងរហូតដល់ព្រំដែនឡាវ។ តំបន់នេះស្ថិតលើផ្ទៃក្រឡា ១៤,៦០០ហិកតា។ ទីតាំងស្ថិតនៅទន្លេមេគង្គ ដែលមានសភាពបៃតងថ្លានេះ ក៏មានព្រៃលិចទឹកយ៉ាងស្រស់ស្អាត ដែលមានកម្ពស់ខ្ពស់ៗពី ១៥-៣០ម៉ែត្រ។
ដោយឡែក លោក អ៊ុន ប៉ោសឿន បានបញ្ជាក់ប្រាប់គេហទំព័រក្នុងស្រុកថា ៖ ទីតាំងទេសចរណ៍មួយនេះ សម្បូរដោយប្រជុំកោះចំនួន ៥០ ក្នុងនោះមានកោះធំចំនួន ៧ និងកោះតូចៗចំនួន ៤៣ ហាក់បីដូចអំណោយផលដល់ជីវៈចម្រុះទាំងឡាយស្នាក់អាស្រ័យក្នុងតំបន់រ៉ាមសារមួយនេះ។ លើសពីព្រៃលិចទឹក និងទឹកថ្លាយ៉ង់នេះ វាក៏ជាទីតាំងដែលមាននូវសត្វស្លាបចំនួន ៩២ប្រភេទ ត្រី ១៣០ប្រភេទ និងប្រភេទជីវៈចម្រុះផ្សេងៗទៀតដលមានវត្តមាននៅទីនេះផងដែរ ។
លោក អ៊ុន ប៉ោសឿន ថ្លែងថា៖ តំបន់ទេសចរណ៍ធម្មជាតិមួយនេះមានភាពទាក់ទាញ ជាពិសេសភ្ញៀវក្នុងស្រុក។ អ្នកដំណើរមកកាន់ទីនេះតែងតែជិះទូកធ្វើដំណើរទស្សនាព្រៃលិចទឹក ក៏ដូចជាទស្សនានូវសត្វស្លាបមួយចំនួនផង។
តំបន់រ៉ាមសារនេះពុំទាន់បានរៀបចំជាកន្លែងទេសចរណ៍ដែលអាចបម្រើសេវាកម្មទេសចរណ៍ និងផ្សព្វផ្សាយនៅឡើយទេ ប៉ន្តែយើងមានសេវាកម្មដឹកភ្ញៀវដោយទូក ហើយភ្ញៀវក៏អាចបោះតុងដែលរៀបចំដោយសហគមន៍ និងក្រុមហ៊ុនឯកជនផ្សេងៗបានផងដែ»។ លោក អ៊ុន ប៉ោសឿន បន្តទៀតថា តំបន់មួយនេះហាក់មានភាពអំណោយផលក្នុងវិស័យអេកូទេសចរណ៍ ក៏ដូចជាផ្ដល់ផលប្រយោជន៍ដល់ពលរដ្ឋ នៅក្នុងតំបន់ធម្មជាតិនេះ។
បច្ចុប្បន្នតំបន់រ៉ាមសារ មានសហគមន៍ចំនួនពីរ ក្នុងនោះរួមមាន សហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ និង សហគមន៍អេកូទេសចរណ៍សម្រស់កោះហាន ដែលសហគមន៍ទាំងពីរអាចបម្រើសេវាជូនអ្នកដំណើរដូចជា ផ្ទះសំណាក់ បោះតុង ជិះទូក និងម្ហូបអាហារជាដើម។
ក្រៅពីតំបន់រ៉ាមសារនេះ សក្ដានុពលខេត្តស្ទឹងត្រែងទាំងមូល ក៏មានទីតាំងទេសចរណ៍ផ្សេងៗទៀត សម្រាប់ទាក់ទាញចិត្តអ្នកទេសចរដែរ ក្នុងនោះមានកន្លែងលេងកម្សាន្តប្រមាណ ២១កន្លែង ដែលសុទ្ធសឹងជាតំបន់ទេសចរណ៍បែបវប្បធម៌ និងធម្មជាតិ។ ជាមួយគ្នានេះសហគមន៍ចំនួន ៦ ក៏រង់ចាំទទួលភ្ញៀវទេសចរផង។
សូមជម្រាបថា៖ នៅខេត្តស្ទឹងត្រែងពេលរដូវទឹកឡើង មានភ្ញៀវទេសចរណ៍ ជិៈទូកកម្សាន្ត តាមតំបន់ព្រៃ តំបន់ភ្នំ តំបន់កោះ រួចទៅស្នាក់នៅតាម រីស៊តតាមមាត់ទន្លេ ស្រូបយកខ្យល់ឱកាសបរិសុទ្ធ៕
ដោយ៖ សហការី