ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍ស្រះចកម្នាក់ ជាមេជួញដូរគ្រឿងញៀន ក្រោយសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៨នាក់ រួចឆ្លើយថាមន្រ្តីរូបនេះជាអ្នកជួយសម្រួលដល់ពួកគេទិញថ្នាំញៀន

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីកម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋានខណ្ឌដូនពេញ បានបើកប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរ និងចែកចាយគ្រឿងញៀននៅតំបន់អតីតបឹងកក់រយៈពេលពីរថ្ងៃជាប់គ្នា បានឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់ ជាបន្តបន្ទាប់ កាលពីថ្ងៃទី២៣និង២៤ ខែវិច្ឆិកាឆ្នាំ២០២០ថ្មីៗនេះ នៅក្នុងភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ ជាក់ស្តែងដកហូតនូវសារធាតុញៀនជាង ២០០កញ្ចប់តូចធំរួមនិងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បើតាមប្រភពព័ត៌មាន បានលួចបង្ហើបប្រាប់នៅថ្ងៃទី២៥ វិច្ឆិកាថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ៨នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀននាំមកសាកសួរ ទើបពួកគេបានចង្អុលថា មានមន្រ្តីនគរបាលប៉ុស្តិ៍ស្រះចកម្នាក់ ជាអ្នកជួយសម្រួលដល់ពួកគេ ពាក់ព័ន្ធការផ្ដល់ថ្នាំញៀនឲ្យពួកគេជាអ្នកទិញផងដែរ លុះនៅេវលាម៉ោង៧យប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងនគរបាលខណ្ឌដូនពេញ បានចុះទៅឃាត់ខ្លួនមន្រ្តីនគរបាលស្រះចករូបនោះឈ្មោះ ហ៉ីង តុលា អាយុ ៣១ឆ្នាំ ឋានន្តរស័ក្ដិអនុសេនីយឯក នៃរដ្ឋបាលនគរបាលប៉ុស្តិ៍សង្កាត់ស្រះចក ដែលពាក់ព័ន្ធបទល្មើសជួញដូរសារធាតុញៀន រួចបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីសាកសួរតាមនីតិវិធី

សូមជម្រាបថា កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានបង្ក្រាបបទល្មើសគ្រឿងញៀន នៅក្នុងភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញកាលពីថ្ងៃទី២៣,២៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់សរុប៨នាក់ ដោយបានដកហូតសារធាតុញៀន ចំនួន២០៦កញ្ចប់តូចនិង០៣កញ្ចប់ធំ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀតបន្ទាប់មកក៏ឃាត់មន្រ្តីនគរបាលខាងលើតែម្ដង

ជនសង្ស័យទាំង៨នាក់នេះរួមមាន៖ /ឈ្មោះ សាន សីហា ភេទប្រុសអាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលក្រុម៣៩ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ(ឃាត់ខ្លួន) /ឈ្មោះ វណ្ណ ចាន់ថា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរមុខរបរជាងសំណង់ ស្នាក់នៅបន្ទប់ជួល ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ(ឃាត់ខ្លួន) /ឈ្មោះ សិលាភេទប្រុសអាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ ស្នាក់នៅបន្ទប់ជួល ក្រុម៣៩ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ(ឃាត់ខ្លួន) /ឈ្មោះ រស់ យ៉ា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់កង់បីស្នាក់នៅបន្ទប់ជួល ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ(ឃាត់ខ្លួន)។៥/ឈ្មោះ ហុក សុខឡេង ភេទប្រុស អាយុ២៤ឆ្នាំជនជាតិខ្មែរ មុខរបរ រត់PassApp ស្នាក់នៅបន្ទប់ជួល ក្រុម៣៩ ភូមិ៣សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ(ឃាត់ខ្លួន) /ឈ្មោះ សួនបូរ៉ា ភេទប្រុស អាយុ៣៩ឆ្នាំជនជាតិខ្មែរ មុខរបរ កម្មករ ស្នាក់នៅបន្ទប់ជួលក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ(ឃាត់ខ្លួន)/ឈ្មោះ លីចាន់ណាក់ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ(ឃាត់ខ្លួន) និងទី៨/ឈ្មោះ សុង ដេត ភេទប្រុសអាយុ២៣ឆ្នាំ

ដោយឡែកជុំវិញបញ្ហានេះដែរ មន្រ្តីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យខាងលើនេះ ក្នុងនោះមានមន្រ្តីនគរបាលប៉ុស្តិ៍ស្រះចកម្នាក់ ដែលជាមេជួញដូរគ្រឿងញៀនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់៕

ដោយ៖ស តារា


ចែករំលែក៖