ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១២កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្នាក់ការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជា, លោក គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមន្តរាយ បានអញ្ជើញដឹកនាំមន្រ្តី គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ទទួលបន្ទុកការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី៨ តាមប្រព័ន្ធវីដេអូ Bluejeans Conference .
ក្រោមប្រធានបទ «ជំរុញការផ្លាស់ប្តូរឆ្ពោះកាន់អាស៊ាន ប្រកបដោយសុវត្ថិភាព ភាពបន្សុំា ការរួមបញ្ចូលគ្នា និង ភាពធន់»ដើម្បីសម្រេចបានចក្ខុវិស័យរបស់ខ្លួនដែលជាអ្នកដឹកនាំពិភពលោកក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ ។
ឆ្លៀតក្នុងឱកាសនេះ ក្នុងនាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោកទេសរដ្ឋមន្ត្រី ក៏បានសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ បំផុត ចំពោះការបាត់បង់អាយុជីវិត និងការរងទុក្ខសោក នៃប្រជាជនរងគ្រោះបណ្តាលមកពី ជំងឺកូវីដ-១៩ និងគ្រោះមហន្តរាយធម្មជាតិ ដែលកើតមាននៅពេលថ្មីៗនេះ នៅក្នុង ប្រទេសជាសមាជិកអាស៊ាន ក៏ដូចជានៅក្នុងប្រទេសដទៃទៀត នៅទូទាំងពិភពលោក។
លោកបានបន្ថែមថាការដោះស្រាយបញ្ហាជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្ត និង វិធានការមួយចំនួន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩។ ក្រៅពីជំងឺកូវីដ-១៩ កម្ពុជាក៏ទទួលរងគ្រោះដ៏ធ្ងន់ធ្ងរពីជំនន់ទឹកភ្លៀង ចាប់ពីខែកញ្ញា ដល់ ខែតុលា ឆ្នាំ២០២០ ដែលប៉ះពាល់ទៅលើរាជធានី-ខេត្តចំនួន២០។
ឆ្លេីយតបទៅគ្រោះមហន្តរាយដែលកើតមាននៅកម្ពុជាកន្លងមកនេះ យើងតែងតែប្រកាន់យកនូវវប្បធម៌ ចែករំលែក ក្នុងស្មារតីជួយគ្នាទៅវិញទៅមក សម្រាប់ការសង្រ្គោះបន្ទាន់ ដោយប្រេីប្រាស់កម្លាំងសរុប និងមធ្យោបាយសរុបដែលមានកងកម្លាំងប្រដាប់អាវុធ បានដើរតួយ៉ាងសំខាន់ក្នុងការ ជួយសង្រ្គោះគ្រោះមហន្តរាយ ។
ដូចនេះ យើងបានប្តេជ្ញាធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធ ជាមួយ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ សំដៅកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ នៅក្នុងប្រទេស ក៏ដូចជា នៅក្នុងតំបន់អាស៊ាន ដោយយកចិត្តទុកដាក់ និងយោងទៅលើ «ក្របខ័ណ្ឌការងារសេនដាយ សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ឆ្នាំ២០១៥-២០៣០»។
ក្នុងកិច្ចប្រជុំនេះដែរបានឯកភាពគាំទ្រ ចំពោះការអនុម័តលើ កម្មវិធីការងារអាត់ម៊ែ (ADDMER) ឆ្នាំ២០២១-២០២៥ ដែលទទួលបានការព្រមព្រៀងជាមតិរួម ពីកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន លើកទី៣៧ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។
លោកទេសរដ្ឋមន្រ្តីសម្តែងការអបអរសាទរ និងគាំទ្រ ចំពោះវឌ្ឍនភាពឆ្ពោះទៅរកការបង្កើត យន្តការនៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន បូកចិន និងអាស៊ានបូកជប៉ុន និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ទទួលបន្ទុកការគ្រប់គ្រងគ្រោះមហន្តរាយ បូកចិន និងបូក ជប៉ុន ដើម្បីជំរុញទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ លើវិស័យគ្រប់គ្រងគ្រោះមហន្តរាយ និងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រជាមួយចិន និងជប៉ុន បន្ថែមទៀត និងបានលើកទឹកចិត្តដល់ លេខាធិការដ្ឋានអាស៊ាន ក្នុងការជួយសម្រួលកិច្ចពិគ្រោះយោបល់ ជាមួយសមភាគីដើម្បីឈានឆ្ពោះ ទៅបង្កើតយន្តការ នេះបានតាមការគ្រោងទុក ៕
ដោយ៖ សូរិយា