ព័ត៌មានទាន់ហេតុការណ៍៖

ឆ្នាំ២០២១ក្រុមហ៊ុនធំៗម៉ាឡេស៊ីមកបណ្តាក់ទុនវិនិយោគលើវិស័យថាមពលប្រេងកាតនិងរោងចក្រផលិតគ្រឿងបន្លាស់ដំឡើងរថយន្តនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋាភិបាលនៃប្រទេសម៉ាឡេស៊ីតាមរយៈឯកអគ្គរាជទូតប្រចាំកម្ពុជាបានផ្ដល់ថវិកាចំនួន២ម៉ឺនប្រាំពាន់ដុល្លារសម្រាប់ការដោះស្រាយជួយដល់ប្រជាពលរដ្ឋកម្ពុជាដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងមកនេះ ដោយលោកឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន រដ្ឋមន្រ្ដីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្ដរជាតិ បានបញ្ជាក់ថា៖ តាមរយៈជំនួយសប្បុរសធម៌នានា ក៏ដូចជាប្រទេសម៉ាឡេស៊ីដែលរដ្ឋាភិបាលបានទទួលនេះ បើទោះតិចឬច្រើនក្តី គឺជាទឹកចិត្តដែលបង្ហាញពីការស្រឡាញ់រាប់អានជួយគ្នាក្នុងគ្រាលំបាករវាងប្រជាជាតិនិងប្រទេសទាំងពីរកម្ពុជា-ម៉ាឡេស៊ី។

នេះបើតាមការបញ្ជាក់ពី លោក ហ៊ុន សារឿន អគ្គនាយកនៃអគ្គនាយកដ្ឋានអាស៊ី-ប៉ាស៊ីហ្វិក និងជាអ្នកនាំពាក្យរងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្ដរជាតិ ថ្លែងប្រាប់អ្នកព័ត៌មានក្រោយពីបញ្ចប់ជំនួបរវាងលោកឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន ជាមួយនឹង ឯកអគ្គរាជទូតនៃប្រទេសម៉ាឡេស៊ី នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកាឆ្នាំ២០២០នេះ។
លោក ហ៊ុន សារឿន បានឲ្យដឹងថានៅក្នុងជំនួបនោះលោកឯកអគ្គរាជទូតម៉ាឡេស៊ី ក៏បានជម្រាបជូនដល់លោកឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន ដែរថា ក្នុងឆ្នាំ២០២១នេះមានក្រុមហ៊ុនវិនិយោគធំៗនៃប្រទេសម៉ាឡេស៊ីចំនួន៣ក្រុមហ៊ុនដែលមានបំណងមកវិនិយោគទុននៅកម្ពុជា រួមមាន៖ ក្រុមហ៊ុនវិនិយោគគ្រឿង បន្លាស់រថយន្ត ,ក្រុមហ៊ុនវិនិយោគវិស័យថាមពលប្រេងកាត និងដែលមានជំនាញផ្នែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះផងដែរ។ទំហំទឹកប្រាក់វិនិយោគរបស់ម៉ាឡេស៊ីនៅកម្ពុជាមានចំនួនកើនឡើងគួរឲ្យកត់សម្គាល់ដែលបានចូលរួមជំរុញទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរឲ្យកាន់តែធំបន្ថែមទៀតនាពេលអនាគត ព្រមទាំងបានបង្ហាញនូវគោលបំណងរបស់ម៉ាឡេស៊ី សន្យាផ្តល់ជំនួយដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំស៊ីហ្គេមនៅឆ្នាំ២០២៣ខាងមុខ ។

ក្នុងនាមរាជរដ្ឋាភិបាល លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការអរគុណចំពោះប្រទេសម៉ាឡេស៊ី ដែលសន្យាផ្តល់ជំនួយមកកម្ពុជាដើម្បីរៀបចំប្រកួតស៊ីហ្គេមនាឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យព្រមទាំងបានជម្រាបលោកឯកអគ្គរាជទូតម៉ាឡេស៊ីថាប្រទេសម៉ាឡេស៊ី និឹងរៀបចំគណៈកម្មាធិការចម្រុះទ្វេភាគី(កម្ពុជា-ម៉ាឡេស៊ី)ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ បច្ចេកវិទ្យា និង វិទ្យា សាស្ត្រលើកទី៣នៅម៉ាឡេស៊ីនា ឆ្នាំ២០២១ ដើម្បីភាគីទាំងពីរប្រើប្រាស់យន្តការនេះជំរុញអ្នកវិនិយោគ ពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ វប្បធម៌ ក្រោយជំងឺកូវីដ-១៩បានស្ងប់ស្ងាត់ទៅវិញ៕

ដោយ៖ សូរិយា


ចែករំលែក៖