ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមប្រឹក្សាខណ្ឌចំការមន បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៨ អាណត្តិទី៣ ក្រោមអធិបតីភាពលោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន និងលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន ដោយមានការអញ្ជើញចូលរួមពីលោក ម៉ក ថាយ លោក ងួន សុភៈ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ សមាជិក-សមាជិកាក្រុមប្រឹក្សាខណ្ឌ គណៈអភិបាលខណ្ឌ អធិការនគរបាលខណ្ឌ មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ នាយក-នាយករងរដ្ឋបាលខណ្ឌ លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យ-អង្គភាពទាំង១១ លោកចៅសង្កាត់ទាំង៥ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
កិច្ចប្រជុំខាងលើនេះ មានរបៀបវារៈដូចខាងក្រោម៖
១-ពិនិត្យ និងអនុម័តសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៧ របស់ក្រុមប្រឹក្សាខណ្ឌចំការមនអាណត្តិទី ៣ នាថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២០។
២-ពិនិត្យ និងអនុម័តសេចក្ដីព្រាងរបាយការណ៍ប្រចាំខែវិច្ឆិកា និងទិសដៅអនុវត្តការងារខែធ្នូ ឆ្នាំ ២០២០ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌចំការមន។
៣-ពិនិត្យ និងអនុម័តសេចក្ដីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២១-២០២៣) របស់រដ្ឋបាលខណ្ឌចំការមន។
៤-ពិនិត្យ និងអនុម័តការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រី បុគ្គលិក រដ្ឋបាលខណ្ឌចំការមន។
៥-បញ្ហាផ្សេងៗ។
ក្នុងកិច្ចប្រជុំនេះ លោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌ បានលើកឡើងថា ជំងឺកូវីដ-១៩ នៅតែជាបញ្ហាដ៏សំខាន់បំផុតនៅក្នុងពិភពលោកក៏ដូចជានៅក្នុងប្រទេសកម្ពុជាយើងផងដែរ តែក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ និងទាន់ពេលវេលាទប់ស្កាត់បាននូវការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ដោយនៅកម្ពុជាយើងមានអ្នកឆ្លងជំងឺកូវីដ-១៩ភាគច្រើនជាករណីនាំចូលពីបរទេស ហើយជាក់ស្ដែងកម្ពុជាយើងបានទប់ស្កាត់ទាន់ពេលវេលាចំពោះព្រឹត្តិការណ៍៣ វិច្ឆិកា ហើយរដ្ឋបាលខណ្ឌ ក៏បានចូលរួមចំណែកក្នុងការទប់ស្កាត់ចំពោះករណីនេះផងដែរ ដោយបានចុះចែកម៉ាស់របស់សម្ដេចតេជោ ហ៊ុន សែន ជូនប្រជាពលរដ្ឋតាមខ្នងផ្ទះ ក៏ដូចជាជូនអ្នកដំណើរតាមដងផ្លូវជាដើម ។
ទន្ទឹមនេះ លោកប្រធានក្រុមប្រឹក្សាបានបន្តស្នើដល់គណៈអភិបាលខណ្ឌក្រុមប្រឹក្សាសង្កាត់ រួមទាំងអាជ្ញាធរមូលដ្ឋានទាំងអស់ បន្តការខិតខំធ្វើការងារនេះថែមទៀតដើម្បីចូលរួមទប់ស្កាត់កុំឲ្យមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ទៅក្នុងសហគមន៍ ។
ទាក់ទងបញ្ហាជនក្រីក្រ លោក ព្រំុ សំខាន់ សូមឲ្យគណៈអភិបាលខណ្ឌនិងអាជ្ញាធរសង្កាត់ទាំងអស់បន្តរកមើលប្រជាពលរដ្ឋក្រ១ ក្រ២ ដោយសូមឲ្យយើងទាំងអស់គ្នាសហការគ្នាធ្វើការងារនេះឲ្យបានល្អថែមទៀត ៕
ដោយ៖ ជីណា