អន្តរជាតិ៖ ទីបំផុត ដំរីឯកោឈ្មោះ Kaavan នឹងត្រូវបានគេបញ្ជូនទៅកាន់ដែនជម្រកសត្វដំរី ដើម្បីចាប់ផ្តើមជីវិតថ្មីនៅកម្ពុជានាថ្ងៃអាទិត្យថ្ងៃទី២៩ខែវិច្ឆិកាខាងមុខនេះ បន្ទាប់ពីយុទ្ធនាការអស់រយៈពេលជាច្រើនឆ្នាំដោយអ្នកតស៊ូមតិដើម្បីសិទ្ធិសត្វ និងតារាចម្រៀងល្បីគឺអ្នកស្រីCher ដែលជួយសង្គ្រោះដំរីនេះពីស្ថានភាពដ៏សែនអាក្រក់ដោយគ្មានដៃគូនោះ។
ប៉ុន្តែមុននឹងដំរីមួយនេះ ត្រលប់មកប្រទេសកម្ពុជាវិញនោះ ប្រធានាធិបតីប៉ាគីស្ថានលោក Arif Alvi បានស្កាត់ជួបជាលើកចុងក្រោយជាមួយកាលពីថ្ងៃអង្គារទី២៤ ខែវិច្ឆិកាថ្មីៗនេះ ខណៈដែលដំរីឯកោឈ្មោះ Kaavan កំពុងស្ថិតនៅសួនសត្វនៃរដ្ឋធានីអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន។
ជាក់ស្តែងលោកប្រធានាធិបតីប៉ាគីស្ថានរូបនេះ ដែលពាក់ម៉ាស់ និងភរិយារបស់លោកគឺអ្នកស្រី Samina បានឲ្យដំរី Kaavan ស៊ីចេកនៅពេលពួកគេពិភាក្សាជាមួយសមាជិកនៃអង្គការជួយសង្គ្រោះសត្វគឺ អង្គការ Four Paws អំពីផែនការដឹកដំរីនេះ។
លោក Alvi បានបញ្ជាក់បន្ថែមថា៖ «ខ្ញុំប្រាកដក្នុងចិត្តថា នៅប្រទេសកម្ពុជាដំរីនេះនឹងមានសុភមង្គល ពីព្រោះអស់ពេលយូរណាស់ទើបគេដឹងថា ដំរីនេះមានភាពតានតឹងផ្លូវចិត្ត»។
សូមជម្រាបថា ដំរីឯកោឈ្មោះ Kaavan នេះត្រូវបានគេដឹងថា ចូលចិត្តស្តាប់ភ្លេងនិងចូលចិត្តលោក Amir Khalil បុគ្គលិកសត្វព្រៃនៃអង្គការ Four Paws ដែលមានចំណងផ្លូវចិត្តជាមួយដំរី ដោយច្រៀងចម្រៀង Frank Sinatra ។ ជាមួយគ្នានេះ ដំរី Kaavan ធ្លាប់គឃ្លើនដាក់មនុស្សនាពេលកន្លងមកផងដែរ។
ដោយឡែកតារាចម្រៀង Cher គ្រោងនឹងទៅទីក្រុងអ៊ីស្លាម៉ាបាដនៅចុងសប្តាហ៍នេះដើម្បីជួបនិងជូនដំណើរដំរី ដែលនាងបានធ្វើការជួយសង្គ្រោះអស់ជាច្រើនឆ្នាំនេះ។
គួរបញ្ជាក់ថា ដំរីនេះ នឹងត្រូវដឹកតាមយន្តហោះទៅប្រទេសកម្ពុជា បន្ទាប់ពីហ្វឹកហាត់អស់រយៈពេលជាច្រើនសប្តាហ៍ជាមួយអ្នកឯកទេសអន្តរជាតិដែលប្រើចេក ដើម្បីឲ្យដំរីនេះព្រមនៅកន្លែងចង្អៀតនិងសំឡេងខ្លាំងៗពេលជិះយន្តហោះ១០ម៉ោង។
ចំណែកឯវិស្វករដែលរៀបចំទ្រុងដឹកដំរី ក៏បានអះអាងថា ទ្រុងនេះលាបពណ៌តាមបែបប្រពៃណីប៉ាគីស្ថាន ដែលតុបតែងដោយរូបសត្វពណ៌ឆើតនិងទង់ជាតិប៉ាគីស្ថាន ដើម្បីអបអរពិធីរីករាយនេះផងដែរ៕ដោយ៖ស តារា