ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់អោយដឹងថា គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកព្រៃនប់ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងញៀន ហើយធ្វើការឃាត់ខ្លួនជនជាតិចិន ០៤នាក់ សង្ស័យជាក្រុមចាប់ជំរិតមនុស្សនិងពាក់ស្លាកលេខរថយន្តក្លែងបន្លំ ។ លោកឧត្តមសេនីយ៍ស្នងការ បញ្ជាក់ថា នៅយប់ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២០ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកព្រៃនប់ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងញៀន នៅចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៧៣-១៧៤ ស្ថិតនៅ ភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រហូតដល់ពាក់កណ្តាលអាធ្រាត្រ ឈានចូលថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានធ្វើការត្រួតពិនិត្យរថយន្ត ០១គ្រឿង ម៉ាក ស្តារិច ពណ៌ស ស្លាកលេខៈ ភ្នំពេញ 2BC-6802 ដែលបើកបរដោយជនជាតិចិន ០៤នាក់ ក្នុងការត្រួតពិនិត្យនេះ កម្លាំងសមត្ថកិច្ចយើងរកឃើញសម្ភារៈមួយចំនួន ដែលជាឧបករណ៍ប្រើប្រាស់ក្នុងការចាប់ជំរិតមនុស្ស ទើបធ្វើការឃាត់ខ្លួនជនជាតិចិនទាំង ០៤នាក់ ដែលនៅក្នុងរថយន្តតែម្តង ។
+ជនសង្ស័យទាំង ០៤នាក់ មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ ZHANG GE XIN ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន (មិនយកតាមខ្លួន) ស្នាក់នៅ ភូមិ១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ។
២-ឈ្មោះ LU LU ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន (មិនយកតាមខ្លួន) ស្នាក់នៅ ភូមិ១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ។
៣-ឈ្មោះ SONG JIA MING ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន (មិនយកតាមខ្លួន) ស្នាក់នៅកាស៊ីណូ WM ស្ថិតនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
៤-ឈ្មោះ JIANG BAO ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន (មិនយកតាមខ្លួន) ស្នាក់នៅ ភូមិ១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ។
+វត្ថុតាងចាប់យកបាន៖
-ដំបងឆក់ ០១ដើម
-ខ្នោះដៃ ០១គូរ
-ស្រោមខ្នោះ ០១
-ខ្សែលួស ០១ដុំ
-ម៉ាស់ ១៨សន្លឹក
-មួកកាតិបពណ៌ខ្មៅ ០៤
-អាវធំ ០១ ពណ៌ខៀវ
-ស្បោងក្រណាត់ខ្មៅសម្រាប់គ្របមុខ ០១
-ស្រោមដៃ ០៥គូរ
-ទូរស័ព្ទដៃ ០២គ្រឿង (ម៉ាក Iphone7 និងម៉ាក Samsung)
-រថយន្ត ០១គ្រឿង ម៉ាក ស្តារិច ពណ៌ស ស្លាកលេខៈ ភ្នំពេញ 2BC-6802 (ស្លាកលេខក្លែងបន្លំ) ៕បច្ចុប្បន្នសមត្តកិច្ច កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងដើម្បីបន្តតាមនីតិវិធីច្បាប់៕ ឆ្លាម សមុទ្រ