ភ្នំពេញ៖ នាយកដ្ឋានព័ត៌មានវិទ្យាបានឱ្យដឹងថា៖ ការប្រើប្រាស់បច្ចេកវិទ្យានៅកម្ពុជាមានការកើនឡើង ទន្ទឹមនឹងនេះការយល់ដឹងអំពីហានិភ័យ យន្តការច្បាប់ពាក់ព័ន្ធនឹងការគ្រប់គ្រងបច្ចេកវិទ្យានៅមានកម្រិតនៅឡើយ ហើយមានបទល្មើសបច្ចេកវិទ្យាជាច្រើនដែលបានកើតឡើងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម ជាពិសេសការរស់នៅរបស់ប្រជាពលរដ្ឋ។ ដោយមើលឃើញនូវចំណុចនេះ និងដើម្បីបង្កើនចំណេះដឹង និងសមត្ថភាពរបស់មន្ត្រី អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានបើកសិក្ខាសាលាអនឡាញ ស្តីពី “សន្តិសុខបណ្តាញអុីនធើណេត និងព័ត៌មាន” នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ។
សិក្ខាសាលាតាមអនឡាញនេះ ត្រូវបានរៀបចំឡើង និងសម្របសម្រួលដោយនាយកដ្ឋានព័ត៌មានវិទ្យា ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី សិក្ខាកាមសរុបជាង២៥០រូបមកពីអគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាន និងអង្គភាពចំណុះទាំង១១ របស់ក្រសួងមហាផ្ទៃ។
ក្នុងឱកាសបើកសិក្ខាសាលានេះ នាយឧត្តមសេនីយ៍ បានមានប្រសាសន៍ថា ការចូលរួមក្នុងសិក្ខាសាលាតាមប្រព័ន្ធអនឡាញនេះ ផ្ដល់អត្ថប្រយោជន៍ច្រើន និងជាក្របខ័ណ្ឌថ្មីមួយក្នុងការបម្រើការងារប្រចាំថ្ងៃសម្រាប់ពេលបច្ចុប្បន្ន និងអនាគត។ លោកបានបន្តថា ចំនួននៃអ្នកប្រើប្រាស់បណ្ដាញអុីនធើណេត មានការកើនឡើងជាបន្តបន្ទាប់ ដែលធ្វើឲ្យមានការវិវត្តថ្មីទាំងក្នុងការបំពេញការងារ និងការសិក្សាផងដែរ ដោយសារការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យានេះ បង្កលក្ខណៈងាយស្រួល និងមានផលវិជ្ជមានច្រើន ក៏ប៉ុន្តែក៏ផ្ដល់នូវចំណុចអវិជ្ជមាន និងហានិភ័យដល់អ្នកប្រើប្រាស់ផងដែរ។ ហេតុដូចនេះ ការរៀបចំសិក្ខាសាលានេះគឺដើម្បីបណ្ដុះបណ្ដាលអ្នកប្រើប្រាស់ឲ្យជៀសវាងនូវកំហុសនានាក្នុងការប្រើប្រាស់។ លោកបានលើកឡើងថា កន្លងមក ធ្លាប់មានករណីបទល្មើសបច្ចេកវិទ្យាមួយចំនួនបានកើតឡើងដល់អ្នកប្រើប្រាស់ រួមមានការបោកប្រាស់តាមប្រព័ន្ធអុីនធើណេត និងការគំរាមគំហែងដោយប្រើប្រាស់បច្ចេកវិទ្យាផងដែរ ប៉ុន្តែ ស្ថាប័ន អង្គភាពពាក់ព័ន្ធបានចាត់វិធានការគ្រប់គ្រង ក៏ដូចជាអប់រំដល់អ្នកប្រើប្រាស់ពាក់ព័ន្ធនឹងបញ្ហានេះបានយ៉ាងល្អប្រសើរ។
លោក អគ្គលេខាធិការ បានបន្ថែមថា បច្ចុប្បន្ន របៀបរបបការងារមានការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាច្រើន ហើយលទ្ធភាពនៃការប្រើប្រាស់បច្ចេកវិទ្យាអាចជំរុញឲ្យមានការអនុវត្តការងារបែបរដ្ឋបាលអេឡិចត្រូនិកក្នុងពេលឆាប់ខាងមុខ ក្នុងក្របខណ្ឌអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ដែលជាគំរូមួយស្របតាមស្មារតីរបស់រាជរដ្ឋាភិបាលក្នុងការធ្វើសមាហរណកម្មរដ្ឋបាលតាមបែបបច្ចេកវិទ្យាជាមួយប្រទេសអាស៊ានផ្សេងទៀតនាពេលអនាគត។ លោក បានគូសបញ្ជាក់ថា ការប្រើប្រាស់បច្ចេកវិទ្យាក្នុងកិច្ចការរដ្ឋបាលនេះ ផ្ដល់នូវភាងាយស្រួលក្នុងការស្វែងរកទិន្នន័យ ការគ្រប់គ្រងនិងអនុវត្តកិច្ចការរដ្ឋបាល ដែលជួយញ៉ាំងឲ្យការអនុវត្តការងារបានរហ័ស និងប្រសើរជាងមុន។
ព្រមជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បានបង្ហាញក្ដីសង្ឃឹមថា សិក្ខាកាម នឹងទទួលបានចំណេះដឹងបន្ថែម ដើម្បីរួមគ្នាជម្រុញឲ្យការប្រើប្រាស់បច្ចេកវិទ្យាមានដំណើរការល្អ ហើយអាចទាញប្រយោជន៍បានច្រើនសម្រាប់បំពេញភារកិច្ច ការងារប្រចាំថ្ងៃ។
គួរជម្រាបជូនថា សិក្ខាសាលា ស្តីពី “សន្តិសុខបណ្តាញអុីនធើណេត និងព័ត៌មាន” តាមអនឡាញនេះ គឺត្រូវបានរៀបចំឡើងក្នុងគោលបំណងចែករំលែកវិធីសាស្ត្រក្នុងការទប់ស្កាត់បទល្មើសបច្ចេកវិទ្យា ការយល់ដឹងនានាពាក់ព័ន្ធនឹងបច្ចេកវិទ្យាព័ត៌មាន និងសន្តិសុខព័ត៌មានជាដើម ដើម្បីឆ្លើយតបទៅនឹងកង្វះខាតនៃការយល់ដឹងអំពីហានិភ័យនានា នៃការប្រើប្រាស់បច្ចេកវិទ្យា ក៏ដូចជាកង្វះខាតនៃយន្តការច្បាប់ពាក់ព័ន្ធនឹងការគ្រប់គ្រងបច្ចេកវិទ្យានេះ៕
ដោយ៖ សិលា