ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីប្រើហិង្សាវាយទៅលើម្ចាស់ហាងបណ្ដាលឲ្យរងរបួសធ្ងន់ក្នុងពេលផឹកស៊ី

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសជាប្រជាការពារម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់បាវិតឃាត់ខ្លួនភ្លាមៗបន្ទាប់ពីប្រើហិង្សាយកដំបងវាយទៅលើអ្នកលក់ដូរម្នាក់បណ្ដាលឲ្យបែកក្បាលរងរបួសធ្ងន់ក្រោយពីមានជម្លោះគ្នាក្នុងពេលផឹកស៊ី។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៥៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នៅក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថាជនសង្ស័យមានឈ្មោះប៉ាង សុខគង់  អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរប្រជាការពារមានទីលំនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ចំណែកស្ត្រីរងគ្រោះមានឈ្មោះថន លក្ខិណា អាយុ៣៧ឆ្នាំ មុខរបរលក់ដូរត្រូវជាម្ចាស់ហាង មានស្រុកកំណើតនៅភូមិក្រវាន់ សង្កាត់អង្គរធំ ក្រុងសៀមរាប ខេត្តសៀមរាប បច្ចុប្បន្នស្នាក់នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង រងរបួសត្រង់ក្បាលត្រូវក្រុមគ្រូពេទ្យដេរអស់ចំនួន៦ថ្នេរ កំពុងសម្រាកនៅគ្លីនិកឯកជន អ៉ឹម បុត្រ  ។

សមត្ថកិច្ចនគរបាលបានបញ្ជាក់ពីមូលហេតុថា ការប្រើហិង្សានេះបណ្ដាលមកពីមានជម្លោះក្នុងវង់ផឹកស៊ីនៅចំណុចហាងលក់គ្រឿងក្លែមរបស់ស្ត្រីរងគ្រោះ។

បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលកសាងសំណុំរឿងទៅអធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីដោះស្រាយតាមច្បាប់៕ យឹម សុថាន


ចែករំលែក៖