ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ត្រូវក្រុមចោរធ្វើសកម្មភាពវាយប្លន់យកម៉ូតូបានសម្រេចរួចគេចខ្លួនបាត់ស្រមោល

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់ត្រូវបានក្រុមចោរធ្វើសកម្មភាពវាយប្លន់យកម៉ូតូបានសម្រេចរួចហើយជិះរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ តាមបណ្តោយផ្លូវលេខ២១៥ ខាងមុខផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ បិន រ័ត្នថា អាយុ ២៨ឆ្នាំ មានមុខរបរជាសន្តិសុខ ស្នាក់នៅម្តុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុខ្លួន(ជនរងគ្រោះ)ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 0662 (មិនចាំអក្សរខាងមុខ) បើកបរតាមបណ្តោយផ្លូវលេខ២១៥ ខណ:ពេលមកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យ៦នាក់ជិះម៉ូតូ៣គ្រឿងក្នុងនោះមានសុទ្ធតែម៉ូតូហុងដាឌ្រីមទាំងអស់ ដោយមិនចាំស្លាកលេខនោះទេបានធ្វើសកម្មភាពធាក់ម៉ូតូរបស់ខ្លួនឱ្យដួល ហើយដេញវាយខ្លួន (ជនរងគ្រោះ) បណ្តាលឲ្យបែកមាត់និងរបួសដៃជើង។ភ្លាមៗនោះដែរជនសង្ស័យបានលើកម៉ូតូរបស់ខ្លួនជិះចេញទៅបាត់ ទោះបីរូបខ្លួនប្រឹងស្រែកថាចោរៗក្តី ក៏នៅកន្លែងកើតហេតុស្ងាត់មិនមានអ្នកណាអាចជួយបាននោះទេ។ 

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើអន្តរាគមន៍ភ្លាមៗ ប៉ុន្តែឃើញតែជនរងគ្រោះប៉ុណ្ណោះក៏ដឹកយកទៅប៉ុស្តិ៍នគរបាលផ្សារដេប៉ូ១ឱ្យដាក់ពាក្យបណ្តឹង ដើម្បីស្រាវជ្រាវចាប់ជនសង្ស័យយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕ជ្រោយពេជ្រ


ចែករំលែក៖