ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្រ្តី ក្រសួងយុត្តិធម៌​​អញ្ជើញដឹកនាំ ចៅក្រមកម្មសិក្សា ព្រះរាជអាជ្ញារងកម្មសិក្សាធ្វើសច្ចាប្រណិធាននៅព្រះបរមរាជវាំង

ចែករំលែក៖

ភ្នំពេញ៖ នារសៀល ថ្ងៃសុក្រ ១២កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព. ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ម្សិលមុិញ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បានអញ្ជើញដឹកនាំ​ចៅក្រម​កម្មសិក្សា ព្រះរាជអាជ្ញារងកម្មសិក្សា ចំនួន៥៥នាក់ ចូលធ្វើសច្ចាប្រណិធាននៅ ព្រះបរមរាជវាំងនាមហាប្រាសាទទេវាវិនិច្ឆ័យ​មុននឹង ចៅក្រមកម្មសិក្សា ព្រះរាជអាជ្ញារងកម្មសិក្សា ចេញទៅបំពេញ​ការងារ​នៅតាមសាលាដំបូង និងអយ្យការ អមសាលាដំបូងរាជធានី-ខេត្ត ទូទាំង ប្រទេស ។
សូមរំឮកថា៖ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ តែងផ្តល់ជាអនុសាសន៍ដាស់តឿនថា៖

ទី១. ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជាមន្ត្រីតុលាការទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវអភិក្រមដ៏ថ្លៃថ្លាទាំង៥ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ដើម្បីធ្វើជាគោលការណ៍ក្នុងការអនុវត្តមុខងារ និងភារកិច្ចរបស់ខ្លួន ក៏ដូចជាក្នុងការដឹកនាំអង្គភាពសាលាជម្រះក្តី ។

ទី២. ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជាមន្ត្រីតុលាការទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវភាពម៉ឺងម៉ាត់របស់ខ្លួន ក្នុងការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ដើម្បីផ្តល់ការកាត់ក្តីមួយប្រកបដោយអនាគតិ ក្នុងការធានាឱ្យបាននូវភាព យុតិ្តធម៌ ត្រឹមត្រូវជូនប្រជាពលរដ្ឋ ជាពិសេសគឺការវៀរចាកនូវអគិតធម៌ទាំង ៤ គឺ ឆន្ទាគតិ ទោសាគតិ ភយាគតិ និងមោហោគតិ ដូចដែលចៅក្រម ព្រះរាជអាជ្ញាទាំងអស់បានធ្វើសច្ចាប្រណិធាន នៅមុនពេលខ្លួនចូលកាន់តំណែង។

ទី៣. ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជាមន្ត្រីតុលាការទាំងអស់ ត្រូវចូលរួមលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូ និងកិត្យានុភាពនៃអង្គចៅក្រម ដោយត្រូវប្រកាន់ខ្ជាប់ឱ្យបានម៉ឺងម៉ាត់នូវវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈរបស់ចៅក្រម និងព្រះរាជអាជ្ញា ទាំងក្នុងពេលបំពេញការងារ ទាំងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ការប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន គឺជាការរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់កិត្តិយស និងសេចក្តីថ្លៃថ្នូរនៃអង្គចៅក្រមខ្លួនឯងហើយវាជាកត្តារួមចំណែកដ៏សំខាន់មិនអាចខ្វះបាន ក្នុងការពង្រឹងជំនឿទុកចិត្តពីសាធារណជនចំពោះវិស័យ​យុត្តិធម៌​។

ទី៤. ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជាមន្ត្រីតុលាការទាំងអស់ ត្រូវចូលរួមប្រកបដោយឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តនូវយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង​ នៅតាមសាលាដំបូងរាជធានី-ខេត្ត ដែលបានដាក់ចេញដោយក្រសួងយុត្តិធម៌ កាលពីថ្ងៃទី១៨ ខែឧសភា កន្លងទៅនេះ ដោយអនុវត្តឱ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់តាមអភិក្រម «លឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ»។

ទី៥. ចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជាមន្ត្រីតុលាការទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការបំពេញការងារ ដោយត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងពង្រឹង​កិច្ចសហប្រតិបតិ្តការល្អជាមួយអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ដើម្បីធានានូវដំណើរការល្អនៃស្ថាប័នតុលាការ ក៏ដូចជាប្រសិទ្ធភាពនៃការបម្រើសេវាយុតិ្តធម៌ឱ្យបានត្រឹមត្រូវជូនប្រជាពលរដ្ឋ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖