ព័ត៌មានទាន់ហេតុការណ៍៖

ឈើខុសច្បាប់ចំនួន៤២ដុំត្រូវគណៈបញ្ជាការឯកភាពស្រុកកែវសីមា ចាប់ប្រគល់ឱ្យជំនាញរក្សាទុក

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ គំនរឈើរាយប៉ាយជាច្រើនដុំដែលក្រុមឈ្មួញលាក់ទុកនៅក្នុងព្រៃបម្រុងដឹកយកទៅប្រទេសវៀតណាមនោះត្រូវបានក្រុមលេខាធិការដ្ឋាន នៃគណៈបញ្ជាការឯកភាពស្រុកកែវសីមាបង្រ្កាបបានប្រគល់ឱ្យជំនាញយកទៅរក្សាទុក។
ការចុះបង្ក្រាបនោះក្រុមលេខាធិការដ្ឋាននៃគណៈបញ្ជាការឯកភាពស្រុកបានសហការជាមួយកងកម្លាំងជំនាញ បរិស្ថានដែនជម្រកសត្វព្រៃសីមារុករកឃើញទីតាំងលួចលាក់ឈើ
នៅវេលាម៉ោង១០៖០០នាទីយប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ស្ថិតក្នុងចម្ការស្វាយចន្ទីចំណុចអូរត្រូន ក្នុងភូមិស្រែព្រះ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
ក្រោយពីប្រទះឃើញឈើហើយក៏ធ្វើការរឹបអូសយកវត្ថុតាងរួមមានជញ្ជីងសម្រាប់ថ្លឹងឈើចំនួន២គ្រឿង ឈើប្រភេទលេខ១សុក្រំចំនួន៤២ដុំ ដោយពុំទាន់បានធ្វើការវាស់វែងនៅឡើយ។
ចំពោះវត្ថុតាងរឹបអូសបានក៏បានប្រគល់ឱ្យកម្លាំងជំនាញស្នាក់ការកណ្តាលដែនជម្រកសត្វព្រៃសីមាយកទៅរក្សាទុក ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់ផងដែរ៕ដោយ៖​ជីវ័ន្ត


ចែករំលែក៖