អន្តរជាតិ៖ អង្គការសហប្រជាជាតិបង្ហាញពីក្តីព្រួយបារម្ភយ៉ាងខ្លាំងពីសង្គ្រាមវាយប្រហារកើតឡើង ដោយបានអំពាវនាវដល់ភាគីទាំងសងខាង គឺអុីរ៉ង់ និងអុីស្រាអែលរក្សាការអត់ធ្មត់។
ការអំពាវនាវរបស់អង្គការសហប្រជាជាតិកើតឡើងក្រោយពេលអ្នកវិទ្យាសាស្ត្រលំដាប់កំពូលរបស់អុីរ៉ង់រងការធ្វើឃាត។
អុីរ៉ង់បានប្រកាសថានឹងសងសឹក ដោយមិនអាចទុកឲ្យមន្ត្រីជាន់ខ្ពស់ ជាបុគ្គលឆ្នើមៗក្នុងប្រទេសនេះស្លាប់ដោយអត់ន័យនោះឡើយ។ នៅពេលនេះ កាំជ្រួចមីស៊ីលរាប់ពាន់ដើមបានត្រៀមលក្ខណ រង់ចាំតែបញ្ជាប៉ុណ្ណោះនឹងមានព្យុះមីស៊ីលទៅលើប្រទេសអុីស្រាអែលហើយ។
នៅពេលនេះដែររដ្ឋាភិបាលអុីរ៉ង់បានបញ្ជាក់ថា អុីស្រាអែលមិនមែនជាអ្នកនៅពីក្រោយការវាយប្រហារសម្លាប់អ្នកវិទ្យាសាស្ត្របរមាណូកំពូលរបស់អុីរ៉ង់នោះឡើយ គឺ អាមេរិកទើបជាអ្នកនៅពីក្រោយពិតប្រាកដ។
សូមបញ្ជាក់ផងដែរថា រថយន្តដឹកបិតាបរមាណូអុីរ៉ង់ លោក Fakhrizadeh និងអង្គរក្សរងការវាយប្រហារនៅទីក្រុង Absard ភាគខាងកើតរដ្ឋធានីតេអេរ៉ង់នៅថ្ងៃទី២៧ខែវិច្ឆិកា។ រថយន្តមួយគ្រឿងបានផ្ទុះមុខក្បួនរថយន្តរបស់ លោក Fakhrizadeh ក្រោយមកខ្មាន់កាំភ្លើងក៏បានបាញ់ប្រហារសម្លាប់តែម្តង។
ការសម្លាប់អ្នកវិទ្យាសាស្ត្របរមាណូរបស់អុីរ៉ង់ នឹងធ្វើឲ្យរដ្ឋាភិបាលថ្មីរបស់អាមេរិក ដឹកនាំដោយលោកបៃឌិននឹងជួបឧបសគ្គជាច្រើន បើទោះបីចង់ដំណើរការកិច្ចព្រមព្រៀងបរមាណូជាមួយអុីរ៉ង់ឡើងវិញ ក្រោយលោកត្រាំ ដកចេញកាលពីឆ្នាំ២០១៨នោះក្តី៕ដោយ៖ធី រីណា