ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តបណ្តាលឱ្យស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្ត

ចែករំលែក៖

ខេត្តរតនគិរី៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតពេលដឹកដល់មន្ទីរពេទ្យបង្អែកខេត្ត ខណៈដែលគាត់ជួបគ្រោះថ្នាក់ ចរាចរណ៍ជិះម៉ូតូមិនប្រុងប្រយ័ត្នទៅបុកជាមួយរថយន្តដែលបើកបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹង ។

ហេតុការណ៍គ្រោះថ្នាក់ចរាចណ៍នេះបានកើតឡើងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០លើកំណាត់ផ្លូវជាតិ លេខ៧៨មុខផ្លូវបត់ចូលភូមិកក់ ស្ថិតក្នុងភូមិមួយ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍នោះឈ្មោះ ស៊ី សុធាត់ ហៅ តួ អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិមួយឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី ជិះម៉ូតូម៉ាក ZOOMER-X ពណ៌ក្រហម ពាក់ស្លាកលេខ ស្ទឹងត្រែង ១C-០៤៨៣។
ឯអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់នោះឈ្មោះ ស៊ិន វាសនា ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ រួមដំណើរជាមួយប្រពន្ធឈ្មោះ សុខ លីដា អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឈើឈ្លើង ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ជិះរថយន្តម៉ាក HYUNDAI MIGHTY ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣F-២០៦៦។

ប្រភពពីលោកអធិការស្រុកបរកែវបានឱ្យដឹងថា មូលហេតុដែលបណ្ដាលឱ្យមានគ្រោះចរាចរណ៍នេះ ដោយសារតែជនរងគ្រោះជិះម៉ូតូក្នុងល្បឿនលឿនហើយឆ្លងចូលក្នងគន្លងផ្លូវរថយន្តទើបត្រូវរថយន្តបុកពេញទំហឹងតែម្តង។

ក្រោយកើតហេតុ រថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចជំនាញយកមករក្សាទុកនៅប៉ុស្ដិ៍រដ្ឋបាលឃុំឡាមិញដើម្បីដោះស្រាយតាមក្រោយ។

រីឯសាកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ ជីវ័ន្ត


ចែករំលែក៖