ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែន បានបញ្ជាអភិបាលរាជធានីភ្នំពេញ និងអភិបាលខេត្តសៀមរាបតាមរយៈសារសំឡេង សម្រេចផ្អាកការជួបជុំ រួមទាំងការរៀបអាពាហ៍ពិពាហ៍ ១៥ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ ថ្ងៃទី១៥-១៦ ធ្នូ ឆ្នាំ២០២០ អនុវត្តជាបន្ទាន់ចាប់ពីពេលនេះតទៅ ។
សម្ដេចតេជោហ៊ុន សែន ក៏ស្នើសុំឲ្យមានការយោគយល់អធ្យាស្រ័យចំពោះប្រជាពលរដ្ឋយើង ហើយការជួបប្រជុំលើស២០ទៅត្រូវបានផ្អាក ហើយបើ២០នាក់ចុះក្រោមត្រូវតែគម្លាតឲ្យបានឆ្ងាយ ហើយសម្ដេចជឿជាក់ថាប្រជាពលរដ្ឋយើងអាចធ្វើបាន ហើយត្រូវកាត់បន្ថយការចេញក្រៅផ្ទះរយ:ពេល១៥ថ្ងៃ បើមិនធ្វើដូចច្នេះយើងនឹងយឺតពេល ។
សម្តេចតេជោហ៊ុន សែន បានស្នើទៅក្រសួងអប់រំយុវជន និងកីឡា ណែនាំមន្ទីរអប់រំយុវជន និងកីឡា រាជធានីភ្នំពេញ និងខេត្តសៀមរាប ត្រូវធ្វើសកម្មភាពបន្ទាន់នៅថ្ងៃនេះ បិទសាលារៀន បិទបវេសនកាល ហើយរយ:ពេលការរៀនបន្តសម្រាប់សិស្សថ្នាក់ទី១២ ក៏ត្រូវផ្អាកសិន រួមទាំងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ សូមផ្អាករយៈពេល១៥ថ្ងៃ៕ ដោយ៖ សូរិយា