មេបញ្ជាការកងទ័ពអុីរ៉ង់និងអង្គរក្ស៣នាក់ទៀតបានស្លាប់ដោយសាររងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកទៅលើរថយន្តរបស់លោក ក្នុងតំបន់ព្រំដែនរវាងអុីរ៉ាក់នឹងស៊ីរី។
នេះជាការវាយប្រហារលើកទីពីរហើយទៅលើមន្ត្រីជាន់ខ្ពស់របស់អុីរ៉ង់ បន្ទាប់ពីអ្នកវិទ្យាសាស្ត្របរមាណូ ។ ការវាយប្រហារសម្លាប់មេទ័ពនៃកម្លាំងបដិវត្តន៍អុីស្លាមអុីរ៉ង់ (IRGC) នៅយប់ថ្ងៃទី៣០ ខែវិច្ឆិកា។
តាមសារព័ត៌មាន រ៉យទ័របានឱ្យដឹងថា មេទ័ព Muslim Shahdan និងអង្គរក្ស៣រូបទៀតស្លាប់ដោយសារការវាយប្រហារពីយន្តហោះគ្មានមនុស្សបើក។ លោក Muslim Shahdan រងការវាយប្រហារពេលឆ្លងព្រំដែនAl Qaim ពីអុីរ៉ាក់ចូលក្នុងទឹកដីស៊ីរី។
តាមប្រភពព័ត៌មានបានឲ្យដឹងថា សាកសពមេទ័ពអុីរ៉ង់បានបញ្ជូនទៅកាន់ទីក្រុងបាដាដប្រទេសអុីរ៉ាក់ ប៉ុន្តែភាគីអុីរ៉ាក់មិនទាន់បញ្ជាក់ពីព័ត៌មានខាងលើនៅឡើយទេ។ ការវាយប្រហារខាងលើកើតឡើងក្រោយពេលបិតាបច្ចេកវិទ្យាបរមាណូអុីរ៉ង់ លោកMohsen Fakhrizadeh រងការធ្វើឃាតនៅក្នុងទឹកដីអុីរ៉ង់តែម្តង។ មន្ត្រីអុីរ៉ង់បានចោទប្រកាន់អុីស្រាអែលនៅពីក្រោយការធ្វើឃាតខាងលើ ហើយអុីរ៉ង់ប្តេជ្ញាថានឹងសងសឹកវិញទៅលើអុីស្រាអែល។
នៅពេលនេះអុីរ៉ង់បានត្រៀមលក្ខណៈវាយប្រហារទៅលើអុីស្រាអែលដោយបានត្រៀមមីស៊ីលជាច្រើនគ្រាប់ ។ ចំណែកអុីស្រាអែលវិញក៏បានត្រៀមលក្ខណៈវាយបកមកលើអុីរ៉ង់វិញដែរ ហើយពេលនេះក៏ទទួលបានការអនុញ្ញាតឲ្យហោះហើរនៅលើដែនអាកាសប្រទេសអារ៉ាប៊ីសាអ៊ូឌីតទៀតផង៕
ដោយ៖ធី រីណា