ភ្នំពេញ៖ យុវជនម្នាក់បានជិះម៉ូតូមកឈប់នៅមុខផ្ទះរួចហើយចុះដេីរទៅបេីកទ្វារចូលផ្ទះដោយមិនបានដកសោចេញពីម៉ូតូ ភ្លាមនោះស្រាប់តែលេចមុខជនសង្ស័យម្នាក់មកឡើងជិះបញ្ឆេះចេញទៅ។ពេលឃេីញដូច្នេះម្ចាស់ម៉ូតូក៏រត់ទៅតាមទាញចង្កូតបណ្តាលឲ្យដួល ហើយភ្លាមនោះជនសង្ស័យក៏ស្ទុះមកវាយជនរងគ្រោះមួយប្រាវទេីបអ្នកជិតខាងឃេីញមកជួយចាប់ប្រគល់ជូននគរបាលតែម្តង។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ នៅក្នុងបុរីពិភពថ្មីកំបូល សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះស៊ុំ វាសនា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅសង្កាត់កន្ទោក ខណ្ឌកំបូល មានស្រុកកំណេីតនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
ចំណែកជនរងគ្រោះឈ្មោះជន កុសល ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរលក់ដីឡូត៍ ស្នាក់នៅក្នុងបុរីពិភពថ្មី សង្កាត់កន្ទោក ខណ្ឌកំបូល។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនពេលកេីតហេតុគាត់បានជិះម៉ូតូហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1HH-7726 មកឈប់នៅមុខផ្ទះបន្ទាប់មកចុះពីលេីម៉ូតូដោយមិនបានដកកូនសោចេញហេីយដេីរទៅបេីកទ្វារផ្ទះ ភ្លាមនោះស្រាប់តែមានជនសង្ស័យម្នាក់ដេីរមកឡេីងជិះហើយបញ្ឆេះម៉ូតូចេញទៅ តែរូបគាត់ឃេីញទាន់ក៏ស្ទុះទៅចាប់ដៃចង្កូតបណ្តាលឲ្យដួលម៉ូតូ។ ភ្លាមនោះជនសង្ស័យក៏ស្ទុះមកវាយគាត់ទេីបធ្វេីឲ្យតដៃគ្នាមួយប្រាវ ជនសង្ស័យក៏ព្យាយាមរត់គេចខ្លួនតែត្រូវបានប្រជាពលរដ្ឋដេញចាប់ជាប់តែម្តង។
ក្រោយកេីតហេតុជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនមកប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោកដេីម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌដេីម្បីចាត់ការតាមច្បាប់៕ដោយ៖សុខាសែនជ័យ