អន្តរជាតិ៖ បើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារការពារជាតិអឺរ៉ុប ត្រូវបានសារព័ត៌មាន Sputnik ដកស្រង់ចេញផ្សាយនៅរសៀលថ្ងៃអង្គារ ទី០១ខែធ្នូ ឆ្នាំ២០២០នេះថា បានជំរុញឱ្យបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុបទាំងអស់ អភិវឌ្ឍអាវុធប្រឆាំងយន្ដហោះដ្រូន។
ទីភ្នាក់ងារការពារជាតិអឺរ៉ុប បានបញ្ជាក់ទៀតថា កាលពីពេលថ្មីៗនេះ ជម្លោះនៅក្នុងតំបន់មជ្ឈិមបូព៌ា និងតំបន់ខូកាស៊ូស (Caucasus ជាតំបន់ចន្លោះសមុទ្រខ្មៅ និងឈូងសមុទ្រពែក្ស) បានបញ្ជាក់យ៉ាងច្បាស់ពីភាពគ្រោះថ្នាក់នៃយន្ដហោះដ្រូន ដែលត្រូវបានគេប្រើប្រាស់ នៅក្នុងសមរភូមិប្រយុទ្ធហើយដែលនេះចាំបាច់តម្រូវឱ្យអាមេរិក និងសហភាពអឺរ៉ុបអភិវឌ្ឍអាវុធ ដែលមានសមត្ថភាពប្រឆាំងយន្ដហោះដ្រូន។
សូមរម្លឹកថា កាលពីខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅនេះ សហរដ្ឋអាមេរិក ក៏ធ្លាប់បានអំពាវនាវស្រដៀងគ្នានេះដែរ បន្ទាប់ពីប្រព័ន្ធមីស៊ីល ផាទ្រីយ៉ូត(Patriot) របស់ខ្លួន បរាជ័យក្នុងការការពាររោងចក្រប្រេងចំនួន ០២កន្លែងរបស់អារ៉ាប៊ីសាអូឌីត ពីការវាយប្រហារដោយយន្ដហោះដ្រូន។
គួរបញ្ជាក់ថា ចាប់តាំងពីពេលនោះមក មន្ទីរបញ្ចកោណនៃសហរដ្ឋអាមេរិកបានបង្កើនការអភិវឌ្ឍ ប្រព័ន្ធអាវុធប្រឆាំងយន្ដហោះដ្រូនចំនួន០៥ ក្នុងឆ្នាំ២០២០នេះ៕ដោយ៖ស តារា