ខេត្តស្ទឹងត្រែង ៖ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ មន្ត្រីនៃមន្ទីរសុខាភិបាល សហការជាមួយអាជ្ញាធរខេត្តក្រុងស្ទឹងត្រែង បានចុះបាញ់ថ្នាំសម្លាប់មេរោគ បង្ការទប់ស្កាត់ជំងឺឆ្លង ពិសេសកូវីដ–១៩ តាមមូលដ្ឋាន និងក្នុងបរិវេណផ្សារសាមគ្គីស្ទឹងត្រែង អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។
សូមចូលរួមអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ត្រូវសម្អាតដៃនឹង សាប៊ូ អាល់កុល ជែល និងពាក់ម៉ាសជាប្រចាំ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលមេរោគកូវីដ–១៩ បន្ថែមទៀត ក្នុងសហគមន៍ហើយនោះ បន្ទាប់ពីព្រឹត្តិការសហគមន៍២៨ វិច្ឆិកា ។ នេះជាលើកឡើងពីលោក ពេជ រ៉ាមី អភិបាលរងក្រុងស្ទឹងត្រែង ក្នុងនាមរដ្ឋបាលក្រុង បានចុះផ្សព្វផ្សាយ និងបានណែនាំដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន។
ដោយឡែកលោកវេជ្ជបណ្ឌិត ទន វុទ្ធី អនុប្រធានមន្ទីរសុខាភិបាល បានឱ្យដឹងថា ការផ្ទុះឡើងជាថ្មីនៃកូវីដ–១៩ ដែលជាព្រឹត្តិការណ៍ សហគមន៍២៨វិច្ឆិកា សម្រាប់ខេត្តស្ទឹងត្រែង មន្ទីរសុខាភិបាល បានយកសំណាក ចំនួន ៧៨នាក់ ដែលពាក់ព័ន្ធ ទៅធ្វើតេស្តលើកទី១ គឺអវិជ្ជមាន ទាំង៧៨នាក់។
លោក បានបញ្ជាក់ថា ជាវិធានការ មន្ទីរ បានធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យចូលរួមអនុវត្ត វិធានការការពារការឆ្លងមេរោគកូវីដ–១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយឧស្សាហ៍លាង សម្អាតដៃជើងខ្លួនប្រាណ និងពាក់ម៉ាសជាប្រចាំ និងផ្អាកការជួបជុំគ្នា និងត្រូវរក្សាគម្លាត។
សូមជម្រាបថា៖ គិតត្រឹមម៉ោង០៧៖០០ព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នេះ នៅកម្ពុជារកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ៣២៦នាក់ (ស្ត្រី ៧៣នាក់ និងបុរស ២៥៣នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ៣០៤នាក់ និងអ្នកសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន២២នាក់៕
ដោយ៖ សិលា