ភ្នំពេញ ៖ បុរសម្នាក់សង្ស័យមានជំងឺសរសៃប្រសាទបានប្រើហិង្សាទៅលើកម្លាំងសមត្ថកិច្ចចរាចរណ៍ផ្លូវគោកមួយដៃចំកណ្តាលមុខ រួចហើយប្រឹងរត់គេចខ្លួនតែរត់មិនរួច។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅត្រង់ចំណុងរង្វង់មូលកាំកូ ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់កំពុងដេកនៅលើរុឺម៉កកង់បីហើយគេសង្ស័យថាគាត់មានជំងឺសរសៃប្រសាទ ហើយពេលឮកម្លាំងសមត្ថកិច្ចនិយាយថាគាត់ឆ្កួតទៀតក៏ស្ទុះទៅវ៉ៃនគរបាលចរាចរណ៍ផ្លូវគោកដែលនិយាយថាឱ្យគាត់មួយដៃចំកណ្តាលមុខ រួចព្យាយាមរត់គេចខ្លួន តែរត់ទៅដល់រង្វង់មូលកាំកូ ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវក៏ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបាន។
បុរសខាងលើមានឈ្មោះ ជ្រឹង ប៊ុនណាង អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅខេត្តកំពង់ចាម មិនបញ្ជាក់ភូមិ ឃុំ។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចបានទំនាក់ទំនងទៅក្រុមគ្រួសាររបស់បុរសខាងលើដើម្បីយកទៅមន្ទីរពេទ្យពិនិត្យអាការជំងឺ ដោយកម្លាំងសមត្ថកិច្ចមិនបានដាក់ពាក្យបណ្តឹងអ្វីនោះទេ៕
ដោយ៖ រ៉ារ៉ា