ភ្នំពេញ៖ នៅរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការផ្អាកជាបណ្តោះអាសន្ននៃការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅខណ្ឌឫស្សីកែវ ខណ្ឌជ្រោយចង្អារ និងខណ្ឌច្បារអំពៅ។
ក្រុមប្រឹក្សារាជធានីភ្នំពេញ មានកិត្តិយស សូមទូលថ្វាយ និងជម្រាបជូន សម្តេច ទ្រង់ ឯកឧត្តម លោក ជំទាវ លោកឧកញ៉ា លោក លោកស្រី និងប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញឱ្យបានជ្រាបថា ដោយសារនៅរាជធានី ភ្នំពេញយើងបានកើតឡើងនូវ “ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា” ដែលកំពុងស្ថិតក្នុងស្ថានភាពតាមដានដោយ យកចិត្តទុកដាក់បំផុត ដូច្នេះដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩ ចូលក្នុងសហគមន៍ជាលក្ខណៈ ទ្រង់ទ្រាយធំ ក្រុមប្រឹក្សារាជធានីភ្នំពេញ សូមធ្វើការផ្អាកជាបណ្តោះអាសន្ននៃការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅខណ្ឌចំនួនបី ដែលគ្រោងរៀបចំនៅ៖
១-ខណ្ឌឫស្សីកែវ នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៧.៣០នាទីព្រឹក នៅទីលាន ប្រជាធិបតេយ្យរាជធានីភ្នំពេញ ផ្លូវជាតិលេខ៥
២-ខណ្ឌជ្រោយចង្វារ នៅថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៧.៣០នាទីព្រឹក នៅផ្សារOCIC ផ្លូវជាតិលេខ៦ សង្កាត់ព្រែកលៀប
៣-ខណ្ឌច្បារអំពៅ នៅថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៧.៣០នាទីព្រឹក នៅក្នុង បរិវេណវត្តនិរោធ ផ្លូវជាតិលេខ១ សង្កាត់និរោធ។ ក្រុមប្រឹក្សារាជធានីភ្នំពេញនឹងជូនដំណឹងជាថ្មីអំពីកាលបរិច្ឆេទរៀបចំវេទិកានេះ។
ខ្លឹមសារដូចបានទូលថ្វាយ និងជម្រាបជូនខាងលើ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក ឧកញ៉ា លោក លោកស្រី និងប្រជាពលរដ្ឋ ទ្រង់ជ្រាប និងជ្រាបជាព័ត៌មាន៕
ដោយ៖ សិលា