ភ្នំពេញ៖ លោក ឡុង ឌឺម៉ង់ ឯកអគ្គរាជទូត ព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសកូរ៉េបានអោយដឹងថា៖ លោកអភិបាលក្រុងស៊ូវ៉ុន Yeom Tae-young ស្វាគមន៍ឯកអគ្គរាជទូត និងប្រតិភូស្ថានទូតកម្ពុជាទៅកាន់ទីក្រុងស៊ូវ៉ុន ដោយស្មោះអស់ពីចិត្ត ព្រមទាំងបានប្រគល់អំណោយជារថយន្តដឹកសំរាម ១គ្រឿង ព្រមទាំងម៉ាសចំនួន ៣ម៉ឺន ជូនសាលាខេត្តសៀមរាបដែលជាខេត្តសម្ព័ន្ធមេត្រីភាពជាមួយស៊ូវ៉ុន។
គាត់បានលើកឡើងថាកម្ពុជាតូចមែន ប៉ុន្តែពិតជាមានបេះដូងដ៏ធំអស្ចារ្យ ដោយទីក្រុងស៊ូវ៉ុនធ្លាប់បានទទួលនូវអំណោយម៉ាសចំនួន ២មុឺន កាលពីអំឡុងនៃការផ្ទុះជំងឺរាតត្បាតកូវីដ-១៩ដំបូងកាលពីអំឡុងខែមីនាកន្លងមកនេះ ពីខេត្តសៀមរាបកម្ពុជាយើង។ គាត់បានអះអាងថាអំពើល្អជាសប្បុរសរបស់ប្រជាជនកម្ពុជាចំពោះប្រជាជនទីក្រុងស៊ូវ៉ុន ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន និងត្រូវបានចងចាំទុកក្នុងក្រអៅបេះដូង ដែលនេះហើយជាមិត្តល្អក្នុងគ្រាលំបាក។
ក្រោយពីជំងឺរាតត្បាតសកលនេះសាបរលាបផុតទៅ ទីក្រុងស៊ូវ៉ុននឹងចាប់ផ្ដើមបន្តកិច្ចសហប្រតិបត្តិការជាមួយខេត្តសៀមរាបយើង លើការអភិវឌ្ឍន៍ទីក្រុងវៃឆ្លាត Smart city លើវិស័យអប់រំ សង្គមកិច្ច វប្បធម៌ សាសនា ដោយសោមនស្សរីករាយបំផុត។
អាស្រ័យដូចនេះហើយបានជាលោកអភិបាលក្រុងស៊ូវ៉ុន បានរៀបចំទស្សនកិច្ចសិក្សាជូនប្រតិភូស្ថានទូតកម្ពុជាឲ្យបានពិនិត្យនៅមជ្ឈមណ្ឌលគ្រប់គ្រងសន្តិសុខ-សុវត្ថិភាព ដែលសាលាក្រុងគ្រប់គ្រងបានយ៉ាងណែននូវទិន្នន័យក៏ដូចជារូបភាពនៅតាមដងផ្លូវ ទីសាធារណៈនានា សំដៅផ្ដល់ឲ្យប្រជាជននៅក្រុងស៊ូវ៉ុនរស់នៅ ធ្វើការ រកទទួលទាន រៀនសូត្រ ប្រកបដោយផាសុខភាពគួរឱ្យចង់រស់នៅ។
សូមជម្រាបថាប្រជាពលរដ្ឋខ្មែរយើងដែលរស់នៅធ្វើការរៀនសូត្រនៅស៊ូវ៉ុន ព្រមទាំងតំបន់មួយចំនួនក្បែរខាងនោះមានចំនួនប្រមាណជា ១ ម៉ឺន ៥ពាន់នាក់។
ទីក្រុងស៊ូវ៉ុន ជាទីរួមខេត្តខ្យងគីដូ ដែលជាខេត្តព័ទ្ធជុំវិញរដ្ឋធានីសេអ៊ូលដូចជាខេត្តកណ្ដាលរបស់យើងអញ្ចឹងដែរ និងមានប្រជាជនចំនួន 1,300,000 នាក់៕
ដោយ៖ សិលា