ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តកំពង់ចាម លើកទី២ អាណត្តិទី៣ ឆ្នាំ២០២០ នៅបរិវេណវត្តមហាលាភ ស្ថិតនៅភូមិមហាលាភ ឃុំមហាលាភ ស្រុកកោះសូទិន ក្រោមអធិបតីភាពលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី ប៉ាង ដានី អភិបាលរងខេត្ត តំណាងលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក លោកនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី នាយក នាយករងទីចាត់ការ អង្គភាពចំណុះសាលាខេត្ត លោក-លោកស្រីមេឃុំ មន្រ្តីរាជការសាលាស្រុក និងប្រជាពលរដ្ឋចូលរួមប្រមាណ១០៧នាក់ ស្រី១៩នាក់។
លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សា ខេត្តកំពង់ចាម គូសបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ បានបង្ហាញនូវតួនាទីក្រុមប្រឹក្សា ព្រមទាំងលទ្ធផលសំខាន់ៗ ដែលរដ្ឋបាលខេត្តសម្រេចបាន តាមរយៈ ការអនុវត្តសកម្មភាព ក្នុងរយៈពេលកន្លងមក ដើម្បីឆ្លើយតបជាមួយប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត។ លោកបានបន្តថា តាមរយៈវេទិកានេះ យើង បានពិភាក្សា ពិគ្រោះយោបល់ដោយផ្ទាល់ ជាមួយសមាជិកចូលរួមទាំងអស់ ដើម្បីឆ្លើយតប និងដោះស្រាយនូវបញ្ហាអាទិភាពសំខាន៎ៗ ជាពិសេស ការពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ ក្នុងការងារអភិវឌ្ឍខេត្ត ឲ្យកាន់តែល្អប្រសើរឡើង។ វេទិកានេះ មានគោលបំណងដើម្បី ផ្តល់ឱកាសជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានស្វែងយល់ពីស្ថានភាពទូទៅនៃការអភិវឌ្ឍន៍ខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ព្រមទាំង បញ្ហាប្រឈមនានា ដែលកើតមាន នារយៈកាលកន្លងមក និងផ្តល់នូវឱកាសដល់ជូនបងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការបញ្ចេញមតិរបស់ខ្លួន ពាក់ព័ន្ធនឹងក្តីកង្វល់ សំណូមពរ និងតម្រូវការជាក់ស្តែង នៅក្នុងមូលដ្ឋាន ដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយ និងឆ្លើយតប ចំពោះតម្រូវការ និងសំណូមពរ ដែលបានស្នើឡើង។
គួរបញ្ចាក់ថា៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ បានដំណើរការតាមរបៀបវារៈ ដែលបានគ្រោងទុក និងទទួលបានសំណើរ សំណូមពរ ពីបងប្អូនប្រជាពលរដ្ឋ ចំនួន១៧ករណី ហើយត្រូវបានលោកស្រី ប៉ាង ដានី អភិបាលរងខេត្ត និងតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ ធ្វើការដោះស្រាយ និងស្រាយបំភ្លឺនៅនឹងកន្លែង បានចំនួន១១ករណី និងត្រូវបន្តឲ្យមន្ត្រីជំនាញចុះសិក្សាស្រាវជ្រាវ ដើម្បីរកដំណោះស្រាយចំនួន០៦ករណី៕
ដោយ៖ សិលា