ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យបានឆាបឆេះតូបលក់បាយមួយកន្លែងដោយសារភ្លេចពន្លត់ចង្ក្រានធ្យូង

ចែករំលែក៖

ភ្នំពេញ៖  អគ្គិភ័យបានឆេះតូបលក់បាយតូចមួយ ដោយសារតែម្ចាស់តូបបានបិទទ្វារត្រឡប់ទៅផ្ទះហើយភ្លេចពន្លត់ចង្ក្រាន។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៤និង០០នាទីរសៀលថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥២៨ ត្រង់ចំណុចតូបមួយកន្លែង ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីម្ចាស់តូបបានលើកឡើងថា តូបរបស់ខ្លួនបានលក់បាយ និងភេសជ្ជៈផ្សេងៗទៀត។ បន្ទាប់ពីដល់ម៉ោងត្រូវបិទតូបដើម្បីត្រឡប់ទៅផ្ទះ វិញរូបគាត់ភ្លេចពន្លត់ចង្ក្រានធ្យូងរហូតបានរយៈពេលប្រហែលជាមួយម៉ោងជាង ក៏បង្កជាអគ្គិភ័យឆាបឆេះតូបរបស់ខ្លួនបែបនេះតែម្តង។

ប្រភពពីស្ត្រីជាម្ចាស់តូបបានប្រាប់ឲ្យដឹងថា គឺជាកំហុសរបស់គាត់ដែលចាកចេញពីតូបខ្វះការប្រុងប្រយ័ត្នមិនបានមើលភ្លើងចង្ក្រាន ភ្លើងធូប ភ្លើងទៀន ទើបបណ្ដាលឲ្យឆាបឆេះផ្អើលអស់គេឯងបែបនេះ។

សូមបញ្ជាក់ថា កម្លាំងសមត្ថកិច្ចបានយករថយន្តពន្លត់អគ្គិភ័យចំនួនមួយគ្រឿងរបស់កងកម្លាំងប៉េអឹមមកដល់ទីតាំងកើតហេតុ រួចធ្វើការបាញ់ទឹកពន្លត់រហូតដល់អគ្គិភ័យរលត់ទៅវិញ នៅវេលាម៉ោង ៤និង២០នាទីថ្ងៃខែឆ្នាំដដែល  ហើយនៅក្នុងករណីនេះគឺមិនបណ្ដាលឲ្យនរណាម្នាក់រងរបួសនោះទេ គ្រាន់តែខូចខាតសម្ភារនៅក្នុងតូបប៉ុណ្ណោះ៕

ដោយ៖រ៉ារ៉ា


ចែករំលែក៖