ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២២ និងទិវាជនមានពិការភាពអន្តរជាតិ

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២២ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៣៨ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ បានផ្ញើសារលិខិត ដែលមានខ្លឹមសារថា៖ – សូមក្រាបថ្វាយបង្គំសម្ដេចព្រះមហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ
– សម្តេច ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី នាងកញ្ញា – បងប្អូននិងក្មួយៗជនមានពិការភាព ជនរួមជាតិ ជាទីស្នេហា!
ជារៀងរាល់ឆ្នាំ ព្រះរាជាណាចក្រកម្ពុជាតែងបានរៀបចំប្រារព្ធមីឡឹង ដើម្បីអបអរសារទរទិវាជនមានពិការ ភាពកម្ពុជានិងអន្តរជាតិ ៣ធ្នូ។ ឆ្នាំ២០២០នេះ សកលលោកបានជួបប្រទះវិបត្តិជំងឺកូវីដ១៩ ដែលបានជះឥទ្ធិពល មកដល់ព្រះរាជាណាចក្រកម្ពុជាយើងជាហេតុមិនអាចធ្វើឱ្យមានការជួបជុំទ្រង់ទ្រាយធំឬប្រារព្ធពិធីមីឡឹងដូចសព្វមួយ ដងបាន។ ឆ្លៀតក្នុងឱកាសនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមប្រធាន កិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ សូមសម្តែងនូវមនោសញ្ចេតនានឹករលឹកនិងព្រួយបារម្មណ៍ពីសុខទុក្ខរបស់ បងប្អូនមានពិការភាពទូទាំងប្រទេសអស់ពីដួងចិត្ត។ បើទោះបីជាឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជាអាក់ខានមិនបាន រៀបចំប្រារព្ធទិវាជនមានពិការភាពកម្ពុជាលើកទី២២និងអន្តរជាតិលើកទី៣៨ យ៉ាងឱឡារិកទាំងនៅថ្នាក់ជាតិនិង ក្រោមជាតិក្តី ក៏មានការចាត់តាំងឱ្យមានការចុះសួរសុខទុក្ខនៅតាមមជ្ឈមណ្ឌលនិងទីតាំងរស់នៅរបស់បងប្អូនមាន ពិការភាព ព្រោះរាជរដ្ឋាភិបាលតែងបានយកចិត្តទុកដាក់មានឆន្ទៈមោះមុត និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់ សិទ្ធិជនមានពិការភាព និងសូមលើកទឹកចិត្តឱ្យបងប្អូនជនរួមជាតិយើងទាំងអស់រួមគ្នាបន្តលើកស្ទួយសុខុមាលភាព ជនមានពិការភាពឱ្យកាន់តែប្រសើរឡើង ដើម្បីជាឧត្តមប្រយោជន៍របស់វិស័យពិការភាពនៅកម្ពុជា។

កន្លងទៅថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសអនុវត្តកម្មវិធីផ្តល់សាច់ប្រាក់ជូនពលរដ្ឋក្រីក្រនិងងាយរងគ្រោះ ដោយសារជំងឺកូដ១៩ ជូនទៅដល់គ្រួសារដែលមានបណ្ណសមធម៌(ទាំងក្រ-និងក្រ -២) ប្រមាណជាង៥៦ម៉ឺនគ្រួសារ ដែលត្រូវចំណាយថវិកាជាតិប្រមាណ ៤៣៤ ៩៨៩ ៣៩២ ០០០រៀល(ចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដល់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០) ក្នុងនោះមានជនមានពិការភាពចំនួន ៥៨ ២៥២នាក់ មនុស្សវ័យចាស់អាយុចាប់ពី ៦០ឆ្នាំចំនួន ៣១០ ៧៣៨នាក់ និងគ្រួសារដែលមានជំងឺអេដស៍ចំនួន ១ ៩៥៨នាក់ ទទួលបានប្រាក់ឧបត្ថមនេះផងដែរ។

បច្ចុប្បន្ន ជនមានពិការភាព ត្រូវបានយកចិត្តទុកដាក់ពីគ្រប់មជ្ឈដ្ឋាន ក្នុងឆ្នាំ២០១៩ កន្លងទៅជនមានពិការភាព ចូលបម្រើការងារក្នុងក្រសួងស្ថាប័នរដ្ឋចំនួន៤០ មានជនមានពិការភាពចំនួន ២ ៨៦០នាក់ ក្នុងនោះស្ត្រីពិការចំនួន ៧៨៩នាក់ ជនពិការកម្រិតធ្ងន់ចំនួន ១ ៥៥៧នាក់ បើគិតជាភាគរយ ១,៩៥%។ ដោយឡែកវិស័យឯកជន រួមមាន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ រោងចក្រ ស្ថិតិដែលក្រសួងសង្គមកិច្ចបានធ្វើការសាកល្បងនៅរាជធានី ភ្នំពេញ ខេត្តកណ្តាល និងខេត្តសៀមរាប លើ១០២អង្គភាព មានជនមានពិការភាពចូលបម្រើការងារ ចំនួន ៣ ៧៩២នាក់ ស្ត្រី ២ ១៦២នាក់ សរុបទាំងស្ថាប័នរដ្ឋនិងឯកជនទូទាំងប្រទេស មានចំនួនជនមានពិការភាព ៦ ៦៥២នាក់។
សូមអាននូវសារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ ទាំងស្រុង៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖