ព័ត៌មានទាន់ហេតុការណ៍៖

បារម្ភពីគ្រោះថ្នាក់យន្តហោះកើនឡើង​ក្រោយកូវីដ​-១៩ ដោយសារអាកាសយានិកឈប់សម្រាកធ្វើការយូរពេក

ចែករំលែក៖

មនុស្សជាច្រើនបានបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាពសម្រាប់ការធ្វើដំណើរតាមជើងយន្តហោះក្រោយពេលកូវីដ​-១៩ ស្ងប់ស្ងាត់ទៅ។ ពេលនោះតម្រូវការធ្វើដំណើរនៅលើពិភពលោកកើនឡើង ចំណែកក្រុមអាកាសយានិកវិញ បានឈប់សម្រាកពីការងារហោះហើរយូរពេក អាចធ្វើឲ្យ ប៉ះពាល់ពេលវិលត្រឡប់មកបញ្ជាយន្តហោះវិញ​។
កុំថាឡើយបញ្ជាយន្តហោះ​ដឹកមនុស្សរាប់រយនាក់ សូម្បីតែបើករថយន្ត ឬម៉ូតូក៏ត្រូវភាំងៗម្តងៗដែរ ក្រោយការផ្អាកការបើកបរយូរពេកនោះ​។
ក្តីបារម្ភរបស់អ្នកធ្វើដំណើរកើតឡើង ក្រោយពេលមានករណីគ្រោះថ្នាក់ យន្តហោះកាលពីថ្ងៃទី​១៥ខែកញ្ញាឆ្នាំ​២០២០ ពេលនោះយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Lion Air ដឹកអ្នកដំណើរ​៣០៧នាក់ បានជ្រុលចេញពីផ្លូវ​ក្រោយចុះចតនៅអាកាសយានដ្ឋាន ស៊ូម៉ាត្រា ប្រទេសឥណ្ឌូនេស៊ី។
ក្រោយហេតុការណ៍គ្រោះថ្នាក់ក្រុមអ្នកស្រាវជ្រាវក៏បានរកឃើញថា​អាកាសយានិកបញ្ជាការហោះហើរដោយផ្ទាល់មានរយៈពេលបញ្ជាការហោះហើរមិនដល់៣ម៉ោងផងក្នុងរយៈពេល៣ខែ​។ ចំណែក ជំនួយការអាកាសយានិកវិញ​មិនមានការហោះហើរម្តងណាឡើយ តាំងពីថ្ងៃទី​១ខែកុម្ភៈឆ្នាំ​២០២០​មក។
អ្នកជំនាញជនជាតិឥណ្ឌាលោក​Mohan Ranganathan បានលើកឡើងថា នៅពេលអាកាសយានិកមិនបានបញ្ជាយន្តហោះហោះហើររយៈពេលយូរ នឹងធ្វើឲ្យស្មារតីរបស់ពួកគេរងផលប៉ះពាល់​ ហើយនៅពេលដែលការធ្វើដំណើរកើនឡើងនោះ​ អាកាសយានិកកាន់តែរងសម្ពាធខ្លាំង​។
ចំណែកមន្ត្រីសុវត្ថិភាពអាកាសចរណ៍អឺរ៉ុប​បានឲ្យដឹងថា​​ អាចនឹងមានការបណ្តុះបណ្តាលខ្លីឡើងវិញដើម្បីឲ្យក្រុមអាកាសយានិកដែលឈប់សម្រាកយូ​រអាចដំណើរការហោះហើរបានល្អ៕

ដោយ៖ធី រីណា


ចែករំលែក៖