ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបន្ដចុះចែកម៉ាស សម្ដេចតេជោហ៊ុន សែន ជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរតាមដងផ្លូវសាធារណៈ នៅតាមបណ្ដោយផ្លូវ ទំនប់ពេទ្យលោកសង្ឃ សង្កាត់ទឹកថ្លាខណ្ឌសែនសុខ និងខណ្ឌទួលគោក នារសៀលថ្ងៃទី ០២ ធ្នូ ឆ្នាំ២០២០នេះ ។
ម៉ាស់សម្រាប់ពាក់ការពារជំងឺកូវីដ-១៩ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំនួន១លានម៉ាស ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ចែកចាយបន្តទៅដល់ប្រជាពលរដ្ឋក្រីក្រ អ្នកធ្វើដំណើរតាមដងផ្លូវ និង ចែកជូនសមត្ថកិច្ចដើម្បីបន្តចែកជូនប្រជាពលរដ្ឋពាក់ការពារកុំឲ្យមានការរីករាលដាលជំងឺកូវីដ-១៩ ដែលបានឆ្លងទៅសហគមន៍ កាលពីថ្ងៃ២៨ វិច្ឆិកាកន្លងមក ។
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ នឹងយកម៉ាស់ទៅចែកជូនប្រជាពលរដ្ឋនៅសហគមន៍ក្រីក្រ ហើយក៏ចែកជូនប្រជាពលរដ្ឋនៅតាមផ្លូវសាធារណៈដែលធ្វើចរាចរណ៍មិនមានពាក់ម៉ាស់ផងដែរ។
លោកថា រដ្ឋបាលរាជធានីភ្នំពេញក៏នឹងប្រគល់ម៉ាស់ទៅឲ្យកងកម្លាំងដើម្បីបន្តការចែកជូនប្រជាពលរដ្ឋនិងណែនាំពួកគាត់ឲ្យមានការប្រុងប្រយ័ត្ន ចូលរួមទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ-១៩ ទាំងអស់គ្នា។
សូមបញ្ជាក់ផងដែរថា៖ ម៉ាសចំនួន២លាន ដែលជាអំណោយរបស់សម្ដេចតេជោហ៊ុនសែន បានប្រគល់មក
រដ្ឋបាលរាជធានីភ្នំពេញជាលើកទី១ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ក្នុងព្រឹត្តិការណ៍០៣វិច្ឆិកា ហើយមកដល់ពេលនេះ សម្ដេចតេជោ បានបន្តផ្តល់ជូនចំនួន១លានម៉ាសទៀតមករដ្ឋបាលរាជធានី ដើម្បីឲ្យរដ្ឋបាលរាជធានី បន្តយកទៅចែកជូនដល់ប្រជាពលរដ្ឋក្រីក្រដែលមិនមានលទ្ធភាពក្នុងការទិញម៉ាក់មកប្រើប្រាស់ដើម្បីរួមគ្នាកាត់បន្ថយឲ្យបាននូវការរីករាលដាលនូវជំងឺកូវីដ-១៩ ក្នុងដំណាក់កាលនៃការរីករាលដាលចូលដល់សហគមន៍៕ដោយ៖សំរិត