ភ្នំពេញ៖ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយយុវតី “អប្សរា២៥ដួង” ដែលជាក្រុមរបាំជ័យលាភីឆ្នើមកិត្តិយសថ្នាក់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អបអរទិវាវប្បធម៌ជាតិ៣មីនាឆ្នាំ២០២០ សរុបក្រុមការងារមានចំនួន២៤នាក់ ក្នុងការចុះជួយបំពេញបែបបទ និងប្រវត្តិរូបជូនជនមានពិការភាពភ្នែក និងកាយសម្បទាចំនួនជិត២០០នាក់នៅមជ្ឈមណ្ឌលប្រវត្តិសាស្ត្រវត្តភ្នំដើម្បីឱ្យពួកគាត់ទទួលបានសិទ្ធិបោះឆ្នោតនាពេលខាងមុខ។ សកម្មភាពទាំងនោះរួមមាន ការសម្រួលការចល័តទីរបស់ជនពិការដោយការដឹកដៃនាំផ្លូវ ការសាកសួរព័ត៌មាន ការចម្លងអត្តសញ្ញាណប័ណ្ណ ការជួយបិទរូបថត ការជួយសរសេរប្រវត្តិរូប ការជួយផ្តិតមេដៃ និងការជួយបាញ់អាល់កុលលាងសម្អាតដៃជូនដល់ពួកគាត់ដើម្បីបង្ការការរីករាលដាលនៃការចម្លងមេរោគកូវីដ-១៩ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល។
គួរបញ្ជាក់ផងដែរថា សកម្មភាពនេះប្រព្រឹត្តឡើងដើម្បីជួយដល់ជនមានពិការភាពនៅសមាគមតន្ត្រីសំនៀងជនពិការដែលមានលោក ចាប តូ (ជនមានពិការភាពភ្នែក)ជាប្រធាន និង លោកស្រី ញ៉ែម មរកត អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាសមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការ ជាប្រធានកិត្តិយស ក្រោមការយកចិត្តទុកដាក់ពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញផងដែរ៕
ដោយ៖ ចន្ទ លីហ្សា