ភ្នំពេញ៖ យុវជនជាចុងភៅម្នាក់បានបើកម៉ូតូលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្តដែលកំពុងបើកឆ្លងផ្លូវចេញពីផ្ទះសំណាក់ពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ខាងមុខផ្ទះសំណាក់សារិកា២ ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។
សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ សីហា អាយុ២៥ឆ្នាំ មុខរបរចុងភៅនៅភោជនីយដ្ឋានមួយកន្លែង មានស្រុកកំណើតនៅស្រុកល្វាឯម ខេត្តកណ្ដាល ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូម៉ាកហុងដាហ្សូមើរអុិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1GM-9251 ធ្វើដំណើរតាមផ្លូវបេតុងក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿន ខណ:មកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តធុនដ្រា ពាក់ស្លាកលេខភ្នំពេញ 2AM-8866 បើកចេញពីផ្ទះសំណាក់សារិកា២ បុកម៉ូតូពេញទំហឹង បណ្ដាលឲ្យបោកក្បាលស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុ។ ក្រោយកើតហេតុរថយន្តបានបើកត្រឡប់ចូលផ្ទះសំណាក់វិញ រួចដោះស្លាកលេខចេញសម្ងំធ្វើដូចមិនមានរឿងអ្វីកើតឡើង។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកយករថយន្តនិងម៉ូតូរបស់ជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា រង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យក្រុមគ្រួសារដឹកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ជ្រោយពេជ្រ