ព័ត៌មានទាន់ហេតុការណ៍៖

សូមអបអរសាទរ ! ទីបំផុតថ្នាក់ដឹកនាំ តំណាងរាស្រ្ត មន្រ្តីរដ្ឋសភាទាំងអស់ ព្រមទាំងក្រុមគ្រួសារ អវិជ្ជមានមេរោគកូវីដ-១៩ ក្នុងការធ្វើតេស្តលើកដំបូង

ចែករំលែក៖

ភ្នំពេញ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ថ្នាក់ដឹកនាំរដ្ឋសភា តំណាងរាស្រ្ត និងមន្រ្តីរដ្ឋសភាទាំងអស់ ព្រមទាំងក្រុមគ្រួសាររបស់គាត់១ផង បានអវិជ្ជមានមេរោគកូវីដ-១៩ ក្នុងការធ្វើតេស្តលើកទី១ កាលពីម្សិលមិញ។ នេះបើយោងតាមការបញ្ជាក់អោយដឹងពី លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០។

លោកឡេង ប៉េងឡុង បញ្ជាក់ថា ៖ ថ្នាក់ដឹកនាំដែលបានចូលរួមធ្វើតេស្តរកមេរោគកូវីដ-១៩នេះ រួមមាន សម្តេច ហេង សំរិន, លោក ងួន ញិល អនុប្រធានទី១រដ្ឋសភា លោកស្រី ឃួន សុដារី អនុប្រធានទី២រដ្ឋសភា, ប្រធានគណៈកម្មការទាំង១០ នៃរដ្ឋសភា, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ, លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុន្នីរ័ត រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្តេចចៅហ្វាវាំង គង់ សំអុល ផងដែរ។

ការធ្វើតេស្តរកមេរោគកូវីដ-១៩ ទៅលើថ្នាក់ដឹកនាំ តំណាងរាស្រ្ត និងមន្រ្តីរដ្ឋសភា ព្រមទាំងក្រុមគ្រួសារនាពេលនេះ បានធ្វើឡើងបន្ទាប់ពីមានតំណាងរាស្រ្តម្នាក់ គឺ លោក ឡូយ សុផាត បានប្រាស្រ័យទាក់ទងទៅនឹង លោក ឆែម សាវុធ ដែលត្រូវបានរកឃើញមានផ្ទុកមេរោគកូវីដ-១៩។ ទោះជាយ៉ាងនេះក្តី ក្នុងការធ្វើតេស្តទៅលើ លោក ឡូយ សុផាត ក៏ទទួលបានលទ្ធផលអវិជ្ជមានកូវីដ-១៩ ផងដែរ។

លោក ឡេង ប៉េងឡុង លើកឡើងថា៖ ទោះជាយ៉ាងនេះក្តី សម្តេចប្រធានរដ្ឋសភា ព្រមទាំងថ្នាក់ដឹកនាំ និងតំណាងរាស្រ្តទាំងអស់ នឹងនៅតែបន្តធ្វើចត្តាឡីស័ក ក្នុងរយៈពេល១៤ថ្ងៃ ស្របតាមវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩ នៅក្នុងសហគមន៍កម្ពុជា៕

ដោយ៖ សិលា


ចែករំលែក៖