ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យមើលទីតាំងសម្រាប់ត្រៀមយកសំណាកអ្នកដែលមានការពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
លោកស្រីយក់ សម្បត្ដិ បានឱ្យដឹងថា៖ ក្រសួងសុខាភិបាល កាលពីព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសដល់អ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលជាមួយព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា អាចទៅធ្វើតេស្តលើកទី២នៅទីតាំង២កន្លែង ទី១-នៅក្នុងក្រសួងមហាផ្ទៃ និងទី២-នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។
លោកស្រី យក់ សម្បត្តិ បានបន្ដថា សម្តេច ទ្រង់ ឯកឧត្តម អស់លោក លោកស្រី ដែលជាប់ពាក់ព័ន្ធផ្ទាល់ និងប្រយោល សូមអញ្ជើញទៅធ្វើតេស្តលើកទី២ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ និងលើកទី៣ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ តាមទីតាំងដែលបានកំណត់សម្រាប់រាជធានីភ្នំពេញនៅក្រសួងមហាផ្ទៃ និងទីលានស្តាតអូឡាំពិក។
សូមបញ្ជាក់ថា ក្រសួងសុខាភិបាល បានកំណត់ការធ្វើតេស្តលើកទី១ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ លើកទី២ ធ្វើនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ និងលើកទី៣ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ទៅតាមទីតាំងដែលបានកំណត់ ទាំងក្នុងនៅរាជធានីភ្នំពេញ និងតាមបណ្តា
ខេត្ត។
លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថា ប្រសិនបើអ្នកប៉ះពាល់ផ្ទាល់ ឬប្រយោល មិនបានធ្វើតេស្តនៅថ្ងៃកំណត់របស់ក្រសួង នោះក្រសួងនឹងកំណត់ចត្តាឡីស័ក១៤ថ្ងៃ រាប់ចាប់ពីថ្ងៃបានធ្វើតេស្តនេះ ៕ដោយ៖សំរិត