ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពចូលលួចលុយក្នុងផ្ទះ គេត្រូវម្ចាស់ផ្ទះនិងប្រជាពលរដ្ឋចាប់បានវាយប្រដៅយ៉ាងទក់សាច់ កុំតែនគរបាលចុះទៅទាន់ម្ល៉េះត្រូវក្ស័យជីវ៉ាក៏មិនដឹង។
អធិការនគរបាលស្រុកថ្មពួក លោកឈឿន គឹមឈុន បានប្រាប់ថា នៅវេលាម៉ោង៨និង៥០នាទីយប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ មានប្រជាពលរដ្ឋឈ្មោះ មាន ចាន់ថន ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក បានរាយការណ៍ទៅនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំគោករមៀតថា មានប្រជាពលរដ្ឋចាប់បានចោរចូលលួចលុយនៅក្នុងផ្ទះរបស់ឈ្មោះ ប្រាក់ ថង ភេទស្រីអាយុ៦០ឆ្នាំ នៅចំណុចផ្សារពីរជាន់បឹងត្រកួន (កំពុងសាងសង់)ស្ថិតនៅភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ។ ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុ ហើយបានឃើញប្រជាពលរដ្ឋចាប់ជនសង្ស័យឈ្មោះ ផ្លាយ សុផ្លា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិគោកព្រេច ឃុំគោករមៀត ស្រុកថ្មពួក ដោយឃើញមានមុខមាត់បែកឈាមឡើងហើមពោរផង។ ពេលឃើញបែបនេះ សមត្ថកិច្ចយើងបានឃាត់មិនឱ្យវាយជនសង្ស័យតទៅទៀតឡើយ ហើយបាននាំខ្លួនជនសង្ស័យមកកាន់ប៉ុស្តិ៍រដ្ឋបាលឃុំគោករមៀតដើម្បីធ្វើការសាកសួរ។
លោកអធិការបានបញ្ជាក់ថា៖ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនគេពិតជាបានចូលលួចយកលុយរបស់ឈ្មោះប្រាក់ ថង នោះប្រាកដមែន ។ ម្យ៉ាងវិញទៀតនៅពេលដែលនគរបាលចុះទៅដល់កន្លែងនោះឃើញមានវត្ថុតាងលុយថៃដែលជនសង្ស័យលួចបានចំនួន៤,៨៤០បាត(បួនពាន់ប្រាំបីរយសែសិបបាត) និងលុយខ្មែរចំនួន១៥០,០០០រៀល(ដប់ប្រាំម៉ឺនរៀល)។
លុយទាំងអស់បានប្រគល់ជូនម្ចាស់ដើមវិញ ។
ចំណែកជនសង្ស័យក្រោយពីសួរនាំរួចបានបញ្ជូនទៅព្យាបាលរបួស រួចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកថ្មពួក ដើម្បីរៀបចំសំណុំរឿងបញ្ជូនបន្តទៅស្នងការដ្ឋាននគរបាលខេត្ត ចាត់ការតាមនីតិវិធីច្បាប់៕ដោយ៖ វណ្ណា