តាមការចេញផ្សាយលទ្ធផលរបស់ soccerway និង Livescore នៅព្រឹកថ្ងៃទី៤ ធ្នូនេះបានបង្ហាញថា មានក្រុមចំនួន២នៅអង់គ្លេសបានឡើងទៅកាន់វគ្គ៣២ក្រុមនៃពានរង្វាន់ UEFA Europa League។ ក្រុមទាំង២នោះគឺក្រុមចចកកំណាច Leicester City និងក្រុមកាំភ្លើងធំ Arsenal។
ក្រុម Leicester City បើទោះបីប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ Zorya ក្នុងលទ្ធផល១ទល់០ក៏ដោយប៉ុន្តែក្រុមនេះនៅតែឈរលេខ១ក្នុងពូលGមាន១០ពិន្ទុ ស្មើជាមួយក្រុម Braga ដែលមាន១០ពិន្ទុដូចគ្នា ហើយលើសពិន្ទុក្រុមលេខ៣ Zorya ៣ពិន្ទុ។ ដូច្នេះក្រុម Leicester City និងក្រុម Braga មានសិទ្ធិឡើងទៅកាន់វគ្គ៣២ក្រុមចុងក្រោយបើទោះបីសល់មួយប្រកួតទៀតក្នុងវគ្គជម្រុះតាមពូលក៏ដោយ។
ក្រុម Leicester City នឹងត្រូវប៉ះជាមួយក្រុម AEK Athens នៅថ្ងៃទី១១ ខែធ្នូបន្តទៀតដើម្បីប្រកួតបញ្ចប់វគ្គជម្រុះតាមពូលក្របខ័ណ្ឌខាងលើ។ ជាមួយគ្នានេះក្រុម Leicester City ប៉ុន្មានប្រកួតកន្លងទៅនេះហាក់ដូចជាមិនបានល្អ ដោយ៥ប្រកួតចុងក្រោយឈ្នះតែ១ប្រកួតប៉ុណ្ណោះ ប៉ុន្តែក្រុមនេះកំពុងឈរលេខ៤ក្នុងលីគកំពូលអង់គ្លេសដែរ ។
ចំណែកក្រុមកាំភ្លើងធំ Arsenal បានយកឈ្នះក្រុមភ្ញៀវ Rapid Wien ក្នុងលទ្ធផល៤ទល់១ ដែលធ្វើឲ្យក្រុមកាំភ្លើងធំនៅបន្តឈរលេខ១ក្នុងពូលB មាន១៥ពិន្ទុ ឈ្នះដាច់ក្រុមលេខ២រហូតដល់៦ពិន្ទុ។ ៤គ្រាប់របស់ក្រុមកាំភ្លើងធំរកបានដោយកីឡាករ Lacazette , កីឡាករ Pablo Marí, កីឡាករ Nketiah និងកីឡាករ Smith Rowe ខណៈដែលក្រុមភ្ញៀវRapid Wien រកបាន១គ្រាប់ដោយកីឡាករ Kitagawa ។
ជ័យជម្នះនេះធ្វើឲ្យក្រុមកាំភ្លើងធំឡើងទៅកាន់វគ្គ៣២ក្រុមចុងក្រោយនៃពានរង្វាន់ Europa League ទោះបីសល់១ប្រកួតទៀតក្នុងវគ្គជម្រុះតាមពូលដែលត្រូវប៉ះក្រុម Dundalk នៅថ្ងៃទី១១ ធ្នូទៀតក៏ដោយ។
យោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកនេះបានឲ្យដឹងថា ការប្រកួតរវាងក្រុមកាំភ្លើងធំArsenal និងក្រុម Rapid Wien គេឃើញមានអ្នកគាំទ្រក្នុងកីឡដ្ឋានប្រហែល២ពាន់នាក់ ដែលមានពាក់ម៉ាស់ត្រឹមត្រូវ និងភាគច្រើនជាមនុស្សវ័យកណ្តាល និងវ័យចាស់។
ដោយឡែលក្រុមមកពីអង់គ្លេសមួយទៀតគឺក្រុមមាន់ខ្នាយមាស Tottanham មិនទាន់បានកក់កៅអីទៅកាន់វគ្គ៣២ក្រុមរួចរាល់នៅឡើយទេ ដោយការប្រកួតកាលពីយប់មិញបានត្រឹមស្មើជាមួយក្រុមម្ចាស់ផ្ទះ LASK ៣ទល់៣។ ក្រុមមាន់ខ្នាយមាសត្រូវប៉ះជាមួយក្រុមភ្ញៀវ Antwerpមួយទៀតក្នុងវគ្គជម្រុះតាមពូល ហើយចាំបាច់ត្រូវយកឈ្នះ ឬស្មើ ទើបអាចមានកៅអីទៅកាន់វគ្គបន្តបាន ៕ដោយ៖ភារៈ