ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសុខាភិបាល និងជាប្រធាន គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅថ្ងៃសុក្រ ៤រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ បានចេញសេចក្តីណែនាំ ស្តីពី
ការពង្រឹងការអនុវត្តវិធានការអនាម័យបន្ថែម និងជាពិសេស នៅតាមផ្សារទំនើប ធនាគារ និងកន្លែងប្រកបអាជីវកម្មផ្សេងៗ។
សេចក្តីណែនាំបញ្ជាក់ថា៖ ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ឱ្យមានប្រសិទ្ធភាពខ្ពស់ បង្ការការរីករាលដាលច្រើនចូលទៅក្នុង សហគមន៍ ក្រសួងសុខាភិបាលសូមធ្វើការណែនាំបន្ថែម ជូនដល់អាជីវករនៅផ្សារទំនើប តាមធនាគារ និងកន្លែង ប្រកបអាជីវកម្មផ្សេងៗទៀតត្រូវពង្រឹង និងយកចិត្តទុកដាក់បន្ថែមទៅលើការការពារ បង្ការការឆ្លងជាយថាហេតុ នូវវីរុសកូវីដ-១៩ នៅពេលជួបជាមួយអតិថិជនទូទៅនៅក្នុងទីតាំងអាជីវកម្មរបស់ខ្លួន ដូចខាងក្រោម៖
បុគ្គលិកបម្រើការងារទាំងអស់គ្នាត្រូវពាក់ម៉ាស និងរបាំងមុខការពារឱ្យបានត្រឹមត្រូវ និងជាប់ជាប្រចាំ។ អតិថិជនទាំងអស់ត្រូវពាក់ម៉ាសវេជ្ជសាស្ត្រ ឬម៉ាសក្រណាត់ ឱ្យបានត្រឹមត្រូវ និងជាប់ជានិច្ចទាំងអស់គ្នា។
-ធនាគារ ផ្សារទំនើប និងហាងនីមួយៗ ត្រូវ
បំពាក់ម៉ាស៊ីនវាស់កំដៅស្វ័យប្រវត្តិ ឬទែម៉ូម៉ែត្រវាស់កំដៅដោយដៃ និងអាល់កុល ឬដែលលាងដៃ នៅ គ្រប់ច្រកចូល និងដាក់អាល់កុល ឬជែលលាងដៃនៅក្នុងទីតាំងប្រតិបត្តិការរបស់ខ្លួន និងតម្រូវឱ្យលាង ដៃជាញឹកញាប់ ជាពិសេសបន្ទាប់ពីបានប៉ះពាល់វត្ថុផ្សេងៗ ក្រោយពេលចូលបន្ទប់ទឹក និងមុនពេល បរិភោគអាហារ ។ល។
រៀបចំទីតាំងឈរ ឬអង្គុយសម្រាប់បុគ្គលិក និងអតិថិជនរបស់ខ្លួន ដោយរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច ១.៥ ម៉ែត្រ ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់។ ដាក់បង្ហាញនូវស្លាកសញ្ញាណែនាំការពាក់ម៉ាស់ និងរក្សាអនាម័យដៃស្អាត និងការណែនាំអនាម័យពេល ក្អក-កណ្តាស នៅគ្រប់ច្រកចូល និងទីតាំងដែលអាចមើលឃើញទាំងអស់គ្នា។ ធ្វើការតាមដានសីតុណ្ហភាពរាងកាយបុគ្គលិករបស់ខ្លួនជារៀងរាល់ថ្ងៃ យ៉ាងតិច ៣ដង ក្នុង១ថ្ងៃ។ ការធ្វើបដិសណ្ឋារកិច្ច ត្រូវធ្វើតាមទំនៀមទំលាប់ប្រពៃណីខ្មែរ ដោយលើកដៃសំពះ ចៀសវាងការចាប់ដៃគ្នា។
ម្ចាស់អាជីវកម្ម អ្នកគ្រប់គ្រង និងបុគ្គលិកបម្រើការងារទាំងអស់ត្រូវរាយការណ៍ឱ្យបានឆាប់រហ័សជូនដល់ អាជ្ញាធរពាក់ព័ន្ធ ឬក្រុមឆ្លើយតបបន្ទាន់តាមប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍ ១១៥ ដោយមិនគិតថ្លៃ រាល់ពេល សង្កេតឃើញមានករណីសង្ស័យចូលក្នុងនិយមន័យនៃជំងឺកូវីដ-១៩ (ដែលមានជូនភ្ជាប់មកជាមួយ)។
ក្រសួងសុខាភិបាលសូមអរគុណចំពោះបងប្អូនអាជីវករ និងអតិថិជនទាំងអស់ដែលបានយល់ដឹង និង សហការជាមួយអាជ្ញាធរពាក់ព័ន្ធក្នុងពេលកន្លងមក ហើយនឹងបន្តយកចិត្តទុកដាក់ទៅលើវិធានការណែនាំខាងលើ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩ ជាយថាហេតុ៕
ដោយ៖ សុខ ខេមរា