ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញព្រហ្មទណ្ឌខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យ២នាក់ជាបន្តបន្ទាប់ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅវេលាម៉ោង១១និង០០នាទី ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ ត្រង់ចំណុចក្នុងវត្តធុតង្គចម្ការដូង ភូមិខ្វារ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ២នាក់ដែលឃាត់ខ្លួនរួមមាន ទី១-ឈ្មោះ ម៉ៅ សារ៉ាត់ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ១ ក្នុងភូមិសន្សំកុសល២ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ទី២-ឈ្មោះ ថៃ កុសល ហៅសត្យា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ១ ក្នុងភូមិសន្សំកុសល២ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ចំណែកវត្ថុតាងចាប់យកមន ១-ម្សៅក្រាមពណ៌សថ្លាចំនួន២ថង់(ថង់ធំល្មមចំនួន១ថង់, ថង់តូចចំនួន១ថង់), ២-ទូរស័ព្ឌចំនួន២គ្រឿង(ម៉ាកIpadពណ៌ទឹកមាស១គ្រឿង,ម៉ាកSAMSUNG ពណ៌ទឹកមាសចំនួន១គ្រឿង) , ៣-ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន, ៤- សម្ភារប្រើប្រាស់មួយចំនួនទៀត។
សមត្ថកិច្ចបានឲ្យដឹងថា កាលពីវេវលាម៉ោង១១៖០០នាទីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន ខណ្ឌដង្កោ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលដង្កោ បានធ្វើការស្រាវជ្រាវនិងបង្ក្រាបជាក់ស្ដែងមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុចក្នុងវត្តធុតង្គចម្ការដូង ស្ថិតនៅភូមិខ្វារ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏បានឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ហើយសមត្ថកិច្ចក៏បានត្រួតពិនិត្យឆែកឆេររកឃើញម្សៅក្រាមពណ៌សថ្លាចំនួន២ថង់(ថង់ធំល្មមចំនួន១ថង់, ថង់តូចចំនួន១ថង់) ដែលជនសង្ស័យឈ្មោះ ម៉ៅ សារ៉ាត់ បានទម្លាក់ចោលទៅលើដីចម្ងាយកន្លះម៉ែត្រពីខ្លួនជនសង្ស័យ រួចសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យខាងលើ រួមនឹងវត្ថុតាងយកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវីធីច្បាប់ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពប្រាប់ថា គេស្គាល់អត្តសញ្ញាណជនសង្ស័យជាបក្ខពួកម្នាក់ទៀតឈ្មោះ ថៃ កុសល ហៅ សត្សា ភេទប្រុស អាយុ៤០ឆ្នាំ ។ លុះមកដល់វេលាម៉ោង១២ និង៣០នាទី សមត្ថកិច្ចក៏បានបន្តឃាត់ខ្លួនឈ្មោះ ថៃ កុសល ហៅ សត្យានៅត្រង់ចំណុចបន្ទប់ជួល លេខ១ ក្នុងភូមិសន្សំកុសល២ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវីធីច្បាប់ ៕ ដោយ៖ ភារ៉ា ដង្កោ