ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលចាប់វាយខ្នោះភ្លាមៗក្រោយពីជិះម៉ូតូធ្វើសកម្មភាពឆក់យកកាបូបបុរសជនបរទេសជិះឡំប្រឺតា២នាក់ប្ដីប្រពន្ធបានសម្រេចហើយតែរត់គេចមិនរួចត្រូវប្រជាពលរដ្ឋចាប់បានហើយស្វាគមន៍ម្នាក់មួយដៃម្នាក់មួយជើងរងរបួសតិចតួចបង្កការភ្ញាក់ផ្អើលកកស្ទះផ្លូវដោយសារមានអ្នកដំណើរឈប់ចោមរោមមើលច្រើន កាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០នៅចំណុចផ្លូវលេខ៤៣០កែងផ្លូវលេខ២៧១ ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ពេជ្រ ចាន់ ហៅអាវៃ អាយុ២១ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ៧២ ផ្លូវសុធារស សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនពីបទលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប) ។
លោក ផន អូន អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌចំការមនបានប្រាប់ឱ្យដឹងថា បុរស២នាក់ប្ដីប្រពន្ធជនជាតិចិនបានជិះឡំប្រឺតាមកដល់ផ្លូវលេខ៤៣០ក្នុងទិសដៅពីជើងទៅត្បូង ពេលនោះស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូម៉ាកហុងដាស្គូពីពណ៌ទឹកប៊ិកពាក់ស្លាកលេខភ្នំពេញ១II-2980ម្នាក់ឯងមកអែបខាងឆ្វេងដៃឡំប្រឺតាធ្វើសកម្មភាពឆក់យកកាបូបពីដៃប្រពន្ធគាត់ហើយព្យាយាមជិះម៉ូតូគេចខ្លួន តែជនរងគ្រោះបានស្រែកផ្អើលឆាេឡាេ ទើបមានប្រជាពលរដ្ឋដេញតាមចាប់បានហើយវាយម្នាក់មួយដៃមួយជើង រួចប្ដឹងនគរបាលប៉ុស្តិ៍ឱ្យចុះមកយកជនសង្ស័យ ។ក្រោយកើតហេតុជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនបានជិះម៉ូតូតាមប្ដីប្រពន្ធជនបរទេសយូរហើយ លុះមកដល់ទីតាំងកើតហេតុខាងលើឆ្លៀតឱកាសឡំប្រឺតាឡើងចំណោតក៏ធ្វើសកម្មភាពឆក់យកកាបូបពីដៃជនរងគ្រោះជាប្រពន្ធរួចរត់គេចខ្លួនតែប្រជាពលរដ្ឋឃើញជនរងគ្រោះចុះពីលើឡំប្រឺតាស្រែកផ្អើលឆាេឡោខ្លួនក៏ផ្តួលម៉ូតូបំណងរត់ចោលម៉ូតូនៅតែនៅតែរត់មិនរួចត្រូវប្រជាពលរដ្ឋចាប់វ៉ៃឡើងរបូតអាវអស់ហើយខ្លួនរងរបួសតិចតួច ។
ក្រោយកើតហេតុកាបូបមានលុយកាក់និងទូរស័ព្ទរួមទាំងលិខិតឆ្លងដែនត្រូវសមត្ថកិច្ចប្រគល់ឱ្យជនរងគ្រោះវិញ។ចំណែកបជនសង្ស័យនិងម៉ូតូធ្វើសកម្មភាពត្រូវសមត្ថកិច្ចឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនរង់ចាំកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ដោយ៖ ជីណា