ព័ត៌មានទាន់ហេតុការណ៍៖

អង់គ្លេសចាប់ផ្តើមចាក់វ៉ាក់សាំង ប្រឆាំងកូវីដ​-១៩ ដល់ពលរដ្ឋនៅថ្ងៃទី​៧ខែធ្នូ

ចែករំលែក៖

រដ្ឋាភិបាលអង់គ្លេសបានតែងតាំង​រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ដល់ពលរដ្ឋ​​។ នាយករដ្ឋមន្ត្រីអង់គ្លេសលោក ​Boris Johnson បានសម្រេចតែងតាំងលោក​Nadhim Zahawi ទីប្រឹក្សាសេដ្ឋកិច្ច ធ្វើជា«រដ្ឋមន្ត្រីវ៉ាក់សាំង» ទទួលបន្ទុកកិច្ចការចាក់វ៉ាក់សាំងដល់ពលរដ្ឋនៅទូទាំងប្រទេស​។ ​
រដ្ឋមន្ត្រីNadhim Zahawi នឹងសហការជាមួយរដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ ​Matt Hancock ក្នុងសកម្មភាពចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩​។ ​ការចាក់វ៉ាក់សាំងដល់ពលរដ្ឋអង់គ្លេសនឹងចាប់ផ្តើមធ្វើឡើងនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ​២០២០នេះ​។
រដ្ឋមន្ត្រីវ៉ាក់សាំង N. Zahawi បានប្រកាសថា «អង់គ្លេសបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញវ៉ាក់សាំង​ដល់ទៅ​៣៥៧លានដូស​​ពីក្រុមហ៊ុនផលិតវ៉ាក់សាំងចំនួន​៧ផ្សេងគ្នា​។ បុគ្គលិកសុខាភិបាល និងមនុស្សចាស់នៅមណ្ឌលចាស់ជរានឹងទទួលបានការចាក់វ៉ាក់សាំងមុនគេបង្អស់​។
លោក N. Zahawi អាយុ​៥៣ឆ្នាំ ជាជនជាតិអង់គ្លេសមានដើមកំណើតអុីរ៉ាក់​ ។ មុនពេលតែងតាំងជារដ្ឋមន្ត្រីវ៉ាក់សាំង លោក​កាន់តំណែងជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងជាទីប្រឹក្សាសេដ្ឋកិច្ច​របស់នាយករដ្ឋមន្ត្រី ​B. Johnson ។ លោក N. Zahawi ជាតំណាងរាស្ត្រដែលមានទ្រព្យសម្បត្តិច្រើន​លំដាប់ទីពីរ​ក្នុងចំណោមសមាជិកសភាអង់គ្លេសទាំងអស់​ ដោយលោកមានមុខរបរជាអ្នកជំនួញដ៏ជោគជ័យ​៕ដោយ៖ធី រីណា


ចែករំលែក៖