សារព័ត៌មានTTXVN ប្រចាំនៅទ្វីបអាហ្វ្រិក បានដកស្រង់របាយការណ៍ របស់ក្រុមអ្នកឯកទេសស្តីពីកិច្ចសហប្របតិបត្តិការសន្តិសុខស្បៀងអាហារ ប្រចាំតំបន់អាហ្វ្រិក ដែលបានឲ្យដឹងថា គ្រោះអត់ឃ្លាននៅ Sahel និងអាហ្វ្រិកខាងលិច បានកើនឡើងខ្ពស់ដោយសារតែសង្គ្រាមស៊ីវិល និងអំពើហិង្សា។
តាមតួលេខដែលបានប្រកាសនៅថ្ងៃទី៣ខែធ្នូ របស់ធនាគារពិភពលោក និង អង្គការសហប្រជាជាតិ ព្រមទាំងអង្គការក្រៅរដ្ឋាភិបាល បានបង្ហាញឲ្យឃើញថា ចាប់ពីខែតុលា មកទល់ពេលនេះ មានពលរដ្ឋអាហ្វ្រិកខាងលិចដល់ទៅ១៦,៧លាននាក់ ធ្លាក់ក្នុងស្ថានភាពខ្វះស្បៀងអាហារ។ ប្រសិនបើមិនមានវិធានការទប់ស្កាត់ទេនោះ នឹងមានពលរដ្ឋដល់ទៅ២៤លាននាក់ អត់អាហារបរិភោគ។
កាលពីសប្តាហ៍កន្លងមកក្រុមឧទ្ទាមBoko Haram បានបើកការវាយប្រហារសម្លាប់កសិករ៧៦នាក់ នៅតំបន់ភាគឦសាននៃប្រទេសនីហ្សេរីយ៉ា ចំពេលដែលពលរដ្ឋត្រៀមប្រមូលផលស្រូវ។
លោកYan Saint-Pierre អគ្គនាយកនៃមជ្ឈមណ្ឌលវិភាគសន្តិសុខរបស់ក្រុមហ៊ុនModern Security Consulting Group បានឲ្យដឹងថា អំពើហិង្សាបង្កឡើងដោយក្រុមភេរវកម្ម បង្ខំឲ្យពលរដ្ឋដល់ទៅ៤លាននាក់ត្រូវភៀសខ្លួនទៅរស់នៅតំបន់ផ្សេង។ នៅក្នុងប្រទេសនីហ្សេរីយ៉ា មានពលរដ្ឋដល់ទៅ១២,៩ លាននាក់ប្រឈមនឹងគ្រោះអត់ឃ្លាននៅក្នុងរដូវប្រាំងឆ្នាំនេះ។ បច្ចុប្បន្នមានពលរដ្ឋ៩,២លាននាក់ប្រឈមនឹងការអត់អាហារ។ ក្រៅពីនេះនៅមាន ប្រទេស Burkina Faso មានពលរដ្ឋ២,៧លាននាក់ប្រឈមគ្រោះអត់ឃ្លាន ៕ដោយ៖ធី រីណា