ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្ដចេញពីកន្លែងឃ្លាំងលក់រថយន្តច្រឡំជាន់ហ្គារស្មានតែហ្រ្វ័ងបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់៤កង់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្ដចេញពីកន្លែងឃ្លាំងលក់រថយន្តមួយកន្លែងដោយច្រឡំជាន់ហ្គារស្មានតែហ្រ្វ័ងធ្វើឱ្យជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឱ្យរថយន្តកល់ជាប់ទៅមុខលែងរួច ។
ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៥ ក្នុងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទូលគោក រាជធានីភ្នំពេញ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បើករថយន្តម៉ាកតូយ៉ូតាហាយឡេនឌ័រ ពណ៌ស មិនទាន់មានស្លាកលេខចេញពីឃ្លាំងលក់រថយន្តមួយកន្លែង ដោយខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុករបាំងចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់អស់៤កង់ កល់រថយន្តជាប់ទៅមុខលែងរួច តែសំណាងល្អមិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ រួចទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ជ្រោយពេជ្រ


ចែករំលែក៖