ខេត្តព្រះសីហនុ ៖ អគ្គិភ័យដែលបានឆាបឆេះទីតាំងផ្ទះលក់ប្រេងនៅភូមិ២ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានរលត់ទៅហើយ នៅវេលាប្រមាណជាងម៉ោង ៤រសៀល ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០។ ក្នុងនោះសមត្ថកិច្ចបានអះអាងថា ៖ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរហូតដល់ចំនួន ៩គ្រឿង រួមមាន ៖ រថយន្តរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចំនួន ៣គ្រឿង ,រថយន្តកងរាជអាវុធហត្ថខេត្តចំនួន ១គ្រឿង ,រថយន្តក្រុមហ៊ុនសូគីមិចចំនួន ១គ្រឿង ,រថយន្តក្រុមហ៊ុនតេលាចំនួន ១គ្រឿង ,រថយន្តក្រុមហ៊ុនអិលអេចអចំនួន ១គ្រឿង ,រថយន្តក្រុមហ៊ុនម៉ុងឬទ្ធីចំនួន ១គ្រឿង និងរថយន្តកំពង់ផែស្វយ័តក្រុងព្រះសីហនុចំនួន ១គ្រឿង។
សមត្ថកិច្ចបានបញ្ជាក់ផងដែរថា ៖ ក្នុងអគ្គិភ័យនេះបណ្ដាលឲ្យឆេះផ្ទះប្រជាពលរដ្ឋអស់ទាំងស្រុងចំនួនមួយខ្នង និងពីរខ្នងទៀតខូចខាតធ្ងន់ធ្ងរផងដែរ។ សម្ភារៈមួយចំនួនដូចជា កង់រថយន្តថ្មីៗជាច្រើន គ្រឿងបន្លាស់រថយន្ត ទីតាំងលក់ទូរស័ព្ទត្រូវបានឆេះអស់យ៉ាងច្រើន។ ចំណែកឯរថយន្តវិញឆេះចំនួនពីរគ្រឿង មួយគ្រឿងម៉ាកឡិចស៊ីស 330 ឆេះខូចទាំងស្រុង និងរថយន្តមួយគ្រឿងទៀតឆេះរោលខូចខាតបន្តិចបន្តួច។ ក្នុងនោះមានម៉ូតូចំនួន ១៧គ្រឿង ត្រូវបានឆេះខ្ទេចទាំងស្រុង។ ដោយឡែកជនរងគ្រោះជាម្ចាស់ផ្ទះដែលបានរងរបួសរលាកដៃទាំងពីរត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ សមត្ថកិច្ចមិនទាន់បានបញ្ជាក់អំពីមូលហេតុដែលបណ្ដាលឱ្យអគ្គិភ័យឆាបឆេះនេះនៅឡើយទេ៕
ដោយ ៖ សិលា