ព័ត៌មានទាន់ហេតុការណ៍៖

លោក ដួង តារា ៖ ទាហានម្នាក់ដែលវាយ អ៊ុំស្រីអោយរបួស រួចរត់ចូលបន្ទាយ ឥឡូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការហើយ

ចែករំលែក៖

ភ្នំពេញ៖ លោក ដួង តារា ជំនួយការ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជារដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី នៅល្ងាចនេះបានបង្ហោះលើ Facebook ផ្លូវការលោកថា៖ ទាហានម្នាក់ដែលវាយ អ៊ុំស្រីអោយរបួស រួចរត់ចូលបន្ទាយ ឥឡូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការហើយ។

លោក ដួង តារា  បានថ្លែងថា៖ អរគុណសន្តិភាព និងអរគុណបងប្អូនទាំងអស់គ្នាដែលបានរួមគ្នាអនុវត្តវិធានការណ៍ប្រឆាំងមេរោគកូវីដ១៩ តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាល ព្រោះសុខភាពយើង គឺជាសុខភាពរបស់គ្រួសារនិងប្រទេសជាតិ។ សូមបងប្អូនពាក់ម៉ាស់ ដុសលាងសម្អាតដៃអោយបានជាប្រចាំទាំងនៅក្នុងផ្ទះ និងនៅក្រៅផ្ទះកុំអោយមេរោគកូវីដ១៩ នេះមកបៀតបៀនខ្លួនយើងអោយសោះ។ 

លោក ដួង តារា បានរំឮកថា៖ បងប្អូនចាំបានទេ បុគ្គលម្នាក់ (ជាទាហាន) ដែលបានប្រព្រឹត្តិអំពើហឹង្សាដោយចេតនាទៅលើអ្នកមីង អ៊ិត រុំ អាយុ ៥៨ឆ្នាំ កាលពីថ្ងៃទី១២ វិច្ឆិកា កន្លងទៅនៅខេត្តកំពង់ស្ពឺ ហើយបានគេចខ្លួនចូលក្នុងបន្ទាយមួយនៅខេត្តកំពង់ស្ពឺ ពេលនេះត្រូវបានឃុំខ្លួនជាបណ្តោះអាសន្នហើយ។ 

ឆ្លៀតឱកាសនេះ ខ្ញុំសូមអរគុណលោកអភិបាលខេត្តកំពង់ស្ពឺ លោកស្នងការខេត្តកំពង់ស្ពឺ និងតុលាការខេត្តកំពង់ស្ពឺ ដែលបានយកចិត្តទុកដាក់ខិតខំផ្តល់យុត្តិធម៌អោយប្រជាពលរដ្ឋទន់ខ្សោយគឺអ្នកមីង អ៊ិត រុំ អាយុ ៥៨ឆ្នាំ ដែលរងគ្រោះដោយអំពើហឹង្សាដោយចេតនាដែលប្រព្រឹត្តដោយបុគ្កលមានអំណាចម្នាក់។ 

សូមបងប្អូនទាំងអស់គ្នា ជាពិសេសអាជ្ញាធរមានសមត្ថកិច្ច ត្រូវចូលរួមលុបបំបាត់និទន្តភាព និងអំពើហឹង្សាគ្រប់រូបភាពជាពិសេសមកលើស្រ្តីនិងកុមារ ហើយត្រូវលុបបំបាត់វប្បធម៌អន្តរាគមន៍ដោយបំពានជួយជនខូចខិលអោយរួចផុតពីការទទួលខុសត្រូវចំពោះមុខច្បាប់។ ម្យ៉ាងវិញទៀតយើងត្រូវចូលរួមលុបបំបាត់វប្បធម៌ចាស់កំរិលដែលប្រព្រឹត្តបទល្មើសហើយ រត់ចូលបន្ទាយ ហើយយកឈ្មោះបន្ទាយ ឬក្រសួងស្ថាប័នមកកាងការពារខ្លួនទាំងបំពានច្បាប់ ព្រោះបទល្មើសដែលប្រព្រឹត្តដោយបុគ្គលមិនពាក់ព័ន្ធនឹងអង្គភាពរបស់រដ្ឋទេ។ 

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា លោកមិនចង់ឃើញពលរដ្ឋស្លូតត្រង់ក្រីក្ររបស់លោក ត្រូវបានបំពារបំពានដោយអ្នកមានអំណាចណាមួយឡើយ។ ច្បាស់ណាស់ បើការបំពារបំពាននៅតែធ្វើបានជាបន្តបន្ទាប់ គឺកាន់តែលើកទឹកចិត្តអោយបុគ្គលនោះកាន់តែបានចិត្តហើយមិនខ្លាចច្បាប់ឡើយ។ 

លោកបន្តថា៖ ខ្ញុំបាទសូមគោរពអរគុណសម្តេចតេជោដែលខិតខំទាំងយប់ទាំងថ្ងៃដើម្បីសេចក្តីសុខរបស់ពលរដ្ឋ។ ដូច្នេះ ក្នុងនាមយើងទាំងអស់គ្នាជាមន្រ្តីរបស់សម្តេច យើងត្រូវខិតខំអោយអស់ពីលទ្ធភាពនឹងកម្លាំងកាយចិត្តដើម្បីជួយបន្ធូរបន្ទុករបស់លោក កុំអោយលោកឈឺក្បាលដោយសារការងារដែលជាការទទួលខុសត្រូវរបស់យើងទាំងអស់គ្នានៅខាងក្រោម។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖