ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិក​លក់អាវុធមានតម្លៃជាង​១៧៥ពាន់លានដុល្លារ​ក្នុងឆ្នាំ​២០២០

ចែករំលែក៖

ឆ្នាំ២០២០ គឺជាពេលវេលាលំបាកបំផុត​សម្រាប់ប្រទេសជុំវិញពិភពលោក ដោយសារតែការឆ្លងរាលដាលកូវីដ​-១៩។ ជាមួយគ្នានោះសេដ្ឋកិច្ចបណ្តាប្រទេសក៏ត្រូវធ្លាក់ចុះផងដែរ ដោយសារតែការ​បិទប្រទេស​។ ប៉ុន្តែវិស័យឧស្សាហកម្មសព្វាវុធរបស់អាមេរិកនៅតែដំណើរការល្អ​ ដោយអាមេរិកលក់អាវុធទៅឲ្យប្រទេសជាសម្ពន្ធមិត្ត នាំមកនូវប្រាក់ចំណូលដល់ទៅ​១៧៥ពាន់លានដុល្លារ គឺកើនឡើងដល់ទៅ​២,៨ភាគរយបើប្រៀបធៀបនឹងឆ្នាំ​២០១៩។
កាលពីថ្ងៃទី​៤ខែធ្នូ មន្ទីរបញ្ចកោណអាមេរិក ​បានប្រកាសឲ្យដឹងថា រដ្ឋាភិបាលបានអនុម័តលក់អាវុធទៅឲ្យប្រទេសជាសម្ពន្ធមិត្ត​មានតម្លៃជាង​១៧៥ពាន់លានដុល្លារ ​គិតក្នុងរយៈពេល​ពីថ្ងៃទី១ខែតុលាឆ្នាំ​២០១៩ ដល់ថ្ងៃទី ៣០ខែកញ្ញាឆ្នាំ២០២០ គឺកើនដល់ទៅ​៥ពាន់លានដុល្លារ​ប្រើប្រៀបធៀបឆ្នាំ​២០១៩។
សារព័ត៌មានរ៉យទ័របានផ្សាយថា ប្រាក់ចំណូលភាគច្រើនបានពីការលក់យន្តហោះចម្បាំង កាំជ្រួចមីស៊ីលនាំផ្លូវ។ ប្រទេសជាច្រើនជុំវិញពិភពលោក ចង់ទិញអាវុធពីក្រុមហ៊ុនLockheed Martin និង Raytheon របស់អាមេរិក ​។
ជប៉ុនជាប្រទេសដែលទិញអាវុធពីអាមេរិកច្រើនបំផុត​នៅក្នុងឆ្នាំ​២០២០ ដោយបានបញ្ជាទិញយន្តហោះអាមេរិក​ដល់ទៅ​៦៣គ្រឿង​ប្រភេទ F-35 ពីក្រុមហ៊ុន​Lockheed Martin មានតម្លៃ ២៣ពាន់លានដុល្លារ ។ ក្រៅពីនេះគឺប្រទេសនៅតំបន់មជ្ឈិមបូព៌ា និងអារ៉ាប់ ដែលមានអារ៉ាប៊ីសាអ៊ូឌីតជាដើម៕ ធី រីណា


ចែករំលែក៖