ខេត្តកណ្ដាល៖ នៅយប់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បានដឹកនាំក្រុមការងារសាខា អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូន ស្ត្រីឆ្លងទន្លេចំនួន ០៩ នាក់ និងត្រៀមឆ្លងទន្លេ ៧ នាក់ នៅមន្ទីរពេទ្យបង្អែក ប៊ុន រ៉ានី ហ៊ុន សែន រកាកោង ស្រុកមុខកំពូល ខេត្តកណ្ដាល។
មានប្រសាសន៍សំណេះសំណាល លោក គង់ សោភ័ណ្ឌ បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនទាំងអស់ដោយក្តីនឹករឭក។
លោកបានបន្តថា កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ជានិច្ចកាលសម្តេចតែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ ពិសេសសុខភាពមាតា ទារក និងកុមារ នៅគ្រប់ទីកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះដែរសម្តេចក៏បានណែនាំដល់គ្រប់ស្ថាប័នទាំងអស់នៅទូទាំងប្រទេស ឲ្យចុះសួរសុខទុក្ខដល់ប្រជាពលរដ្ឋមានជីវភាពទីទ័លក្រនៅតាមសហគមន៍ជាប្រចាំ និងនាំយកអំណោយទៅផ្តល់ជូនដោយផ្ទាល់ដៃដល់ចាស់ជរាគ្មានទីពឹង ជនទីទ័លក្រ ស្រី្តមេម៉ាយក្រីក្រ អ្នកផ្ទុកមេរោគអេដស៍-អ្នកជំងឺអេដស៍ កុមារកំព្រា ស្រី្តឆ្លងទន្លេ ព្រមទាំងអ្នករងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។
លោកបានសំណូមពរ ដល់ស្ត្រីដែលបានឆ្លងទន្លេរួច ត្រូវថែទាំសុខភាពឱ្យបានល្អ ពិសេសត្រូវអនុវត្តតាមការណែនាំរបស់ក្រុមគ្រូពេទ្យ និងត្រូវចូលរួមបង្ការ ការពារការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ដោយអនុវត្តតាមការណែនាំរបស់រដ្ឋាភិបាល និងក្រសួងសុខាភិបាល។
អំណោយដែលបានឧបត្ថម្ភជូនស្រ្តីឆ្លងទន្លេ និងត្រៀមឆ្លងទន្លេ ក្នុងម្នាក់ៗទទួលបាន ៖ សម្ភារសម្រាប់ស្ត្រីជាម្តាយមាន៖ សារុង ១ ម៉ាស់ ១០បន្ទះ, អាល់កុល ១ដប, សម្លៀកបំពាក់សម្រាប់ទារក ១ឈុត មុងទារក ចំនួន ១ និងថវិកាចំនួន ១០ម៉ឺនរៀល៕
ដោយ៖សិលា