ខេត្តក្រចេះ៖ រថយន្តសាំយ៉ុង៥គ្រឿងដឹកគ្រឿងសង្ហារិមចេញពីសិប្បកម្មកែច្នៃគ្មានច្បាប់អនុញ្ញាតត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខ៧១០បានធ្វើការបង្ក្រាបប្រគល់ឱ្យជំនាញ។
ការប្រតិបត្តិការបង្ក្រាបនោះកម្លាំងកងរាជអាវុធហត្ថបានធ្វើឡើងនៅវេលាម៉ោង៤៖៣០នាទីទៀបភ្លឺថ្ងៃទី៦ ខែធ្នូ ឆ្នាំ ២០២០ត្រង់ចំណុចភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។
ប្រភពបានឱ្យដឹងថា រថយន្តដឹកគ្រឿងសង្ហារិមចេញពីសិប្បកម្មកែច្នៃឈើខុសច្បាប់ទាំង៥គ្រឿងនេះបានធ្វើចរាចរណ៍ដឹកជញ្ជូនចេញពីខេត្តស្ទឹងត្រែងយកទៅលក់នៅឯរាជធានីភ្នំពេញ។
ប្រភពបន្តថា ក្រុមរថយន្តដឹកគ្រឿងសង្ហារិមទាំងនេះគឺមានមេខ្យល់និងបក្ខពួករបស់គេជាអ្នករត់ការ ហើយពេលចេញម្ដងៗមានរថយន្តចាប់ពី១០ទៅ ២០គ្រឿងឯណោះ និងមានរថយន្តខ្លះលួចបង្កប់ឈើប្រណីតទៀតផង។
នៅពេលក្រុមរថយន្តនោះចេញធ្វើសកម្មភាពម្តងៗគឺបើកបរក្នុងល្បឿនលឿនវ៉ាជែងមិនខ្វល់ពីការបង្កគ្រោះដល់អ្នកធ្វើចរាចរណ៍លើដងផ្លូវដូចគ្នានោះឡើយ។
ក្រោយពីកម្លាំងកងរាជអាវុធហត្ថបង្ក្រាបបានហើយ រថយន្តដឹកគ្រឿងសង្ហារិមទាំង៥គ្រឿងនេាះក៏បានប្រគល់ឱ្យជំនាញសង្កាត់រដ្ឋបាលព្រៃឈើឃុំអូរគ្រៀងរក្សាទុកដើម្បីចាត់ការបន្តតាមច្បាប់ព្រៃឈើ៕ដោយ៖ ជីវ័ន្ត