ខេត្តកំពង់ធំ៖ លោកស្រី ស៊ឹម សុវណ្ណារិទ្ធ ជាមេធាវីមានអត្តលេខ៤៣៦ និង មានតួនាទី ជាសមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ លេខរៀងទី១០ កំពុងមានបញ្ហាសង្ស័យ វិសមិតភាព ដែលប្រធានសាលាដំបូងខេត្តកំពង់ធំ បានស្នើទៅប្រធានគណៈមេធាវី ដើម្បីបញ្ជាក់បញ្ហានេះ ។ នេះបើយោងតាមលិខិតរបស់សាលាដំបូងខេត្តកំពង់ធំ ដែលអង្គភាព «នគរដ្រេហ្គន»ទទួលបាននៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០នេះ។
សូមបញ្ជាក់ថា៖ យោងតាមលិខិតមួយច្បាប់ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ កន្លងទៅ នេះ លោក លាង សួគ៌ ប្រធានសាលាដំបូងខេត្តកំពង់ធំ បានជម្រាបជូនប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ថា សាលាដំបូងខេត្តកំពង់ធំ បានទទួលជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌលេខ ២០៣ ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៣ ដែលមានជនជាប់ចោទ២នាក់ ម្នាក់នៅក្នុងឃុំ ហើយដែលជនជាប់ចោទទាំង២នាក់ នេះ ត្រូវបានចោទប្រកាន់ ថា បានប្រព្រឹត្តបទឧក្រិដ្ឋ (បទឃាតកម្ម) ។
នៅពេលចាប់ផ្តើមពិភាក្សាដេញដោល តំណាងអយ្យការបានស្នើសុំអោយក្រុមប្រឹក្សាជំនុំជម្រះ ធ្វើការពិចារណាអំពីវិសមិតភាពក្នុងការបំពេញវិជ្ជាជីវៈជាមេធាវី ការពារសិទ្ធិអោយជនជាប់ចោទ ដោយជនជាប់ចោទខាងលើ មានមេធាវីការពារសិទ្ធិ ឈ្មោះ ស៊ឹម សុវណ្ណារិទ្ធិ អត្តលេខ៤៣៦ ដែលជាមេធាវីកំពុងប្រកបវិជ្ជាជីវៈ ហើយទន្ទឹមគ្នានេះ មេធាវីរូបនេះ ក៏កំពុងកាន់តំណែងជាសមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ លេងរៀងទី១០ផងដែរ ។
នៅក្នុងលិខិត លោក លាង សួគ៌ ប្រធានសាលាដំបូងខេត្តកំពង់ធំ បន្តថា ក្រុមប្រឹក្សាជំនុំជម្រះបានជួបបញ្ហាដូចខាងលើ ពាក់ព័ន្ធនឹងសេចក្តីណែនាំលេខ ០២៧ សណន ចុះថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ដែលណែនាំអំពីវិសមិតភាព ក្នុងការបំពេញតួនាទីជាមេធាវីការពារសិទ្ធិអោយជនជាប់ចោទ ឬ មេធាវីតំណាងដោយអាណត្តិ នៅក្នុងសំណុំរឿងព្រហ្មទណ្ឌ និង សំណុំរឿងរដ្ឋប្បវេណី ។
ប្រធានសាលាដំបូងខេត្តកំពង់ធំ សូមអោយលោកប្រធានគណៈមេធាវី មេត្តាពិនិត្យនិងផ្តល់ការបញ្ជាក់អំពីវិសមិតភាពក្នុងការបំពេញតួនាទីជាសមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ និង ការបំពេញតួនាទីជាមេធាវីការពារសិទ្ធិ ឬ មេធាវីតំណាងដោយអាណត្តិ នៅក្នុងសំណុំរឿងព្រហ្មទណ្ឌ និង សំណុំរឿងរដ្ឋប្បវេណី ។
តាមប្រភពព័ត៌មាន បានអោយដឹងថា លោកស្រី ស៊ឹម សុវណ្ណារិទ្ធិ ត្រូវជាភរិយារបស់លោក ម៉ៅ ប៊ុនធូ នាយកទីចាត់ការអន្តរវិស័យនៃសាលាខេត្តកំពង់ធំ ផងដែរ ដែលកំពុងជាប់ពន្ធនាគារនៅខេត្តសៀមរាប ពាក់ព័ន្ធករណីយកកាំបិតចាក់បំពង់.ក ប៉ុនប៉ងឃាតកម្ម លើលោក សាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ ។
ពាក់ព័ន្ធករណី គេពុំបានដឹងថា៖ ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា លោក លី ច័ន្ទតុលា បានឆ្លើយតប ជាលិខិតផ្លូវការរបស់សាលាដំបូងខេត្តកំពង់ធំបញ្ជាក់ពីវិសមិតភាព ហើយ ឬនៅទេ៕
ដោយ៖ សិលា